ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីនបានស្នើសុំឱ្យតុលាការកំពូលច្រានចោលញត្តិរារាំងការចាប់ខ្លួន និងអនុញ្ញាតឱ្យអាជ្ញាធរឃាត់ខ្លួនសមាជិកព្រឹទ្ធសភា លោក រ៉ូណាល់ ដេឡា រ៉ូសា (Ronald Dela Rosa) ដែលជាអតីតប្រមុខអនុវត្តច្បាប់ក្នុងសង្គ្រាមប្រឆាំងមនុស្សជាតិជាប់ទាក់ទងនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនពីឆ្នាំ ២០១១-២០១៩ ក្នុងអាណត្តិរបស់អតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ដើម្បីយកទៅកាត់ទោសនៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។
យោងតាមការចុះផ្សាយរបស់កាសែត CNA ការផ្លាស់ប្តូរនេះបានធ្វើឡើងបន្ទាប់ពី ICC បានបើកកញ្ចប់ឯកសារសម្ងាត់បង្ហាញដីកាចាប់ខ្លួនលោក ដេឡា រ៉ូសា ពីបទ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងអំពើមនុស្សឃាត»។ ដីកានេះបានបង្ខំឱ្យរូបលោកដេញជើងរត់ទៅជ្រកកោននៅក្នុងវិមានព្រឹទ្ធសភាកាលពីសប្តាហ៍មុន ដើម្បីដាក់ញត្តិសុំឱ្យតុលាការកំពូលជួយរារាំងការចាប់ខ្លួន ប៉ុន្តែបច្ចុប្បន្ន លោកបានលបចាកចេញពីវិមានព្រឹទ្ធសភាយ៉ាងស្ងាត់កំបាំងកាលពីថ្ងៃទី១៤ ខែឧសភា ហើយគេនៅមិនទាន់ដឹងពីទីកន្លែងលាក់ខ្លួនពិតប្រាកដរបស់លោកនៅឡើយទេ។
លោក ដេឡា រ៉ូសា ធ្លាប់បានតវ៉ាថាដីកាចាប់ខ្លួនរបស់ ICC គឺខុសច្បាប់ ដោយសារហ្វីលីពីនបានដកខ្លួនចេញពីសន្ធិសញ្ញាបង្កើតតុលាការនេះតាំងពីឆ្នាំ២០១៩ ប៉ុន្តែលោកស្រី ដាឡេន ប៊ែរបឺរ៉ាបេ អគ្គមេធាវីនៃរដ្ឋាភិបាលបានតបតវិញថា ការដកខ្លួននេះមិនបានធ្វើឱ្យរដ្ឋសមាជិករួចផុតពីកាតព្វកិច្ចសហការក្នុងនីតិវិធីតុលាការ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ នោះឡើយ។ នៅក្នុងឯកសារតុលាការ លោកស្រីបានសង្កត់ធ្ងន់ថា ទង្វើគេចវេសរបស់លោក ដេឡា រ៉ូសា បានដាក់រូបលោកឱ្យស្ថិតនៅក្រៅកិច្ចការពារនៃច្បាប់ ហើយដរាបណា លោកមិនទាន់ប្រគល់ខ្លួនឱ្យអាជ្ញាធរមានសមត្ថកិច្ចទេ គឺត្រូវតែចាត់ទុកថាជាជនភៀសខ្លួនពីសំណាញ់ច្បាប់ ដែលមិនគួរទទួលបានការសង្គ្រោះ ឬការការពារណាមួយពីប្រព័ន្ធតុលាការឡើយ។
ជុំវិញចំណាត់ការបន្ត ក្រសួងយុត្តិធម៌ហ្វីលីពីនបានបញ្ជាក់យ៉ាងច្បាស់ថា ដីកាចាប់ខ្លួនរបស់ ICC នឹងត្រូវអនុវត្តភ្លាមៗនៅពេលតុលាការកំពូលដោះស្រាយញត្តិរបស់លោកស្រេចបាច់ ឬក្នុងករណីដែលរកឃើញថាលោកមានបំណងប៉ុនប៉ងរត់គេចខ្លួនទៅក្រៅប្រទេស៕