681 ezgif.com resize
Swift cc time

ក្រុមជនបោកប្រាស់ប្រើបច្ចេកវិទ្យា AI បន្លំខ្លួនជានាយករដ្ឋមន្ត្រីសិង្ហបុរី បោកប្រាក់អស់ប្រមាណ ៣.៨ លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

សិង្ហបុរី៖ កម្លាំងនគរបាលសិង្ហបុរីបានប្រកាសកាលពីថ្ងៃ១៦ ខែឧសភា ថា ខ្លួនបានប្រមូលវីដេអូភស្តុតាងនៃការប្រជុំតាមកម្មវិធី Zoom ក្លែងក្លាយមួយ ដែលបង្កើតឡើងដោយបច្ចេកវិទ្យា Deepfake AI ក្នុងគោលបំណងបោកប្រាស់យកប្រាក់ ដោយមានជនរងគ្រោះម្នាក់ចាញ់បោកអស់យ៉ាងហោច ៤.៩ លានដុល្លារសិង្ហបុរី (ប្រហែល ៣.៨ លានដុល្លារអាមេរិក) បន្ទាប់ពីទទួលបានសារតាម WhatsApp ពីជនបោកប្រាស់បន្លំខ្លួនជាលេខាធិការគណៈរដ្ឋមន្ត្រី ដើម្បីអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំអនឡាញ។ ក្រុមជនខិលខូចបានប្រើ AI រៀបចំរូបភាព និងសំឡេងដូចជាមានការចូលរួមពីនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង (Lawrence Wong) និងមន្ត្រីជាន់ខ្ពស់ជាតិ និងអន្តរជាតិជាច្រើនទៀត ដើម្បីពិភាក្សាអំពីការផ្តល់ជំនួយមូលនិធិពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz។ បន្ទាប់មក បក្សពួកម្នាក់ទៀតបន្លំខ្លួនជាមេធាវីទាក់ទងមកជនរងគ្រោះដោយឡែក ដើម្បីបញ្ចុះបញ្ចូលឱ្យផ្ទេរប្រាក់ផ្ទាល់តែម្តង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ផ្អែកលើវីដេអូភស្តុតាងដែលទទួលបាន នគរបាលបានរកឃើញសញ្ញាសម្គាល់ជាច្រើនដែលបញ្ជាក់ថាវាជាវីដេអូ AI ក្លែងក្លាយ។ សញ្ញាខុសប្រក្រតីទាំងនោះរួមមាន ចលនាបបូរមាត់របស់អ្នកនិយាយមិនស៊ីគ្នានឹងសំឡេង ហើយសំឡេងទាំងអស់ត្រូវបានផ្សាយចេញពីគណនីមេតែមួយគត់ពេញមួយពេលប្រជុំ ជំនួសឱ្យការនិយាយចេញពីគណនីផ្ទាល់ខ្លួនរបស់អ្នកចូលរួមម្នាក់ៗ។ លើសពីនេះ ផ្ទៃខាងក្រោយនៃវីដេអូមានលក្ខណៈខុសប្រក្រតី ហើយឡូហ្គោរបស់កម្មវិធី Zoom ក៏មានសភាពព្រាល និងបាត់មួយផ្នែក ដែលបង្ហាញយ៉ាងច្បាស់ថាវីដេអូទាំងនោះត្រូវបានកាត់ត និងកែច្នៃយ៉ាងផ្ចិតផ្ចង់បំផុត។

ដើម្បីទប់ស្កាត់ សមត្ថកិច្ចសិង្ហបុរីបានអំពាវនាវដល់សាធារណជន ពិសេសអ្នកជំនាញក្នុងវិស័យអាជីវកម្ម ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រាស្រ័យទាក់ទងគ្នាតាមប្រព័ន្ធអនឡាញ។ អាជ្ញាធរបានសង្កត់ធ្ងន់ថា មន្ត្រីរដ្ឋាភិបាលសិង្ហបុរីមិនដែលទាក់ទងតាមរយៈអ៊ីមែល ទូរស័ព្ទ ឬការហៅជាវីដេអូ ដើម្បីស្នើសុំឱ្យផ្ទេរប្រាក់ សុំលេខសម្ងាត់ធនាគារ សុំឱ្យដំឡើងកម្មវិធីមិនផ្លូវការ ឬបញ្ជាឱ្យផ្ទេរខ្សែទូរស័ព្ទទៅកាន់ប៉ូលីសឡើយ។

អាជ្ញាធរបានណែនាំដល់ប្រជាពលរដ្ឋឱ្យរាយការណ៍អំពីគណនី ឬការផ្សាយពាណិជ្ជកម្មសង្ស័យទាំងឡាយទៅកាន់អ្នកគ្រប់គ្រងបណ្តាញសង្គម ឬអាចទាក់ទងទៅកាន់លេខទូរស័ព្ទជំនួយប្រឆាំងការបោកប្រាស់ (ScamShield) ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ៕

Khcct banner

អត្ថបទទាក់ទង