បាងកក៖ ស្ថានទូតចិនប្រចាំប្រទេសថៃ នៅថ្ងៃទី១៧ ខែឧសភា បានចេញសេចក្តីជូនដំណឹង ព្រមានពលរដ្ឋចិនឱ្យប្រុងប្រយ័ត្នចំពោះការបោកប្រាស់តាមរយៈការផ្សព្វផ្សាយទទួលបានការងារប្រាក់ខែខ្ពស់សំបុត្រយន្តហោះឥតគិតថ្លៃ និង កន្លែងស្នាក់នៅឥតគិតថ្លៃ ដែលអាចនាំឱ្យជនរងគ្រោះត្រូវបានបោកបញ្ឆោតឱ្យទៅថៃ ហើយបាត់ខ្លួន ឬត្រូវឃុំខ្លួនដោយខុសច្បាប់។
បើតាមស្ថានទូតចិនបានឱ្យដឹងថា ថ្មីៗនេះ ស្ថានទូតបានទទួលសំណើសុំជំនួយកុងស៊ុលជាច្រើន ពាក់ព័ន្ធនឹងពលរដ្ឋចិនដែលជឿលើការផ្សាយពាណិជ្ជកម្មការងារក្លែងក្លាយតាមអ៊ីនធឺណិត ហើយត្រូវបានល្បួងឱ្យធ្វើដំណើរទៅថៃនឹងត្រូវបានចាប់ខ្លួន។
ស្ថានទូតចិនបានរំលឹកថាមិនមានការងារងាយស្រួល ប្រាក់ខែខ្ពស់ដោយគ្មានហានិភ័យនោះទេ ហើយបានអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ស្វែងរកការងារតាមរយៈបណ្តាញស្របច្បាប់ និងការពារសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ។ ស្ថានទូតចិនបញ្ជាក់ថា ពលរដ្ឋចិនដែលទៅថៃដើម្បីធ្វើការ ឬសិក្សា ត្រូវមានទិដ្ឋាការត្រឹមត្រូវ បើមិនដូច្នោះទេ អាចប្រឈមនឹងការស្នាក់នៅ ឬធ្វើការខុសច្បាប់៕