ថៃ-មីយ៉ាន់ម៉ា៖ គ្រោះរញ្ជួយដីមួយមានកម្រិត ៥,៣រិចទ័រ នៅថ្ងៃទី ១៨ ឧសភានេះ បានវាយប្រហារ នៅក្នុងតំបន់ក្បែរឆ្នេរភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅចម្ងាយប្រមាណ ២៤៧ គីឡូម៉ែត្រ ពីទិសខាងលិចឈៀងខាងត្បូងនៃស្រុកម៉ែសត (Mae Sot) ខេត្តតាក (Tak) ប្រទេសថៃ។ហេុតការណ៍នេះ បាននាំឱ្យមានការភ្ញាក់ផ្អើលភ័យខ្លាំងដល់ប្រជាពលរដ្ឋថៃ ក្នុងទីក្រុងបាងកកផងដែរ។
តាមរបាយការណ៍បឋម រលកញ័ររញ្ជួយនេះត្រូវបានគេដឹងយ៉ាងច្បាស់នៅក្នុងខេត្តមួយចំនួននៃប្រទេសថៃ ដូចជា ខេត្តឡាំប៉ាង (Lampang) ខេត្តឈៀងម៉ៃ (Chiang Mai) រួមទាំងនៅក្នុងរាជធានីបាងកក។ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងតំបន់ទាំងនោះ ជាពិសេសអ្នកនៅលើអគារខ្ពស់ៗបានរាយការណ៍ថា ពួកគេបានដឹងពីការរង្គើនៃសំណង់អគារ និង បានឃើញចង្កៀងគោមបន្តោងយោលទៅមកយ៉ាងគួរឱ្យកត់សម្គាល់។
គិតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋនៅឡើយទេ ខណៈអាជ្ញាធរកំពុងបន្តតាមដានស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់៕