681 ezgif.com resize
Swift cc time

និស្សិតមួយក្រុមរួមគ្នាធ្វើគម្រោងបណ្តុះស្មារតីយុវជន លើកកម្ពស់ការអប់រំ និងទេសចរណ៍ ទៅកាន់ខេត្តចំនួន៣

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖និស្សិត១ក្រុមមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នឹងធ្វើគម្រោងទស្សកិច្ចសិក្សាមួយក្រោមប្រធានបទ ៖ បណ្តុះស្មារតីយុវជន លើកកម្ពស់ការអប់រំ និងទេសចរណ៍ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព នាថ្ងៃទី ២៨ ឧសភា ដល់ថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២៦ ខាងមុខ ទៅកាន់ខេត្តគោលដៅចំនួន៣ ដែលក្នុងនោះ រួមមាន ខេត្តកំពង់ស្ពឺ ក្រុងព្រះសីហនុ និង ខេត្តកោះកុង។

យោងតាមតំណាងនិស្សិត បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គម្រោងទស្សកិច្ចសិក្សានេះ ត្រូវបានធ្វើឡើងដោយក្រុមនិស្សិតចំនួន៧៥រូប ដែលកំពុងសិក្សានៅក្នុងថ្នាក់ពិសេសផ្នែក សេដ្ឋកិច្ច និងគ្រប់គ្រងជាភាសាបារាំង និងអង់គ្លេស នៃមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំង នៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ គម្រោងនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអប់រំ ដោយការបណ្តុះស្មារតីកុមារ ដោយផ្តល់តម្លៃលើការអប់រំ ព្រមទាំងមានការស្តារសកម្មភាពទេសចរណ៍ក្នុងស្រុកឡើងវិញ ដោយចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍អេកូឡូស៊ី និងជំរុញសេដ្ឋកិច្ចសហគ្រាសក្នុងសហគមន៍ បន្ថែមពីនេះទៅទៀតក៍ផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ និងយុវជន និងចូលរួមបង្កើតផលវិជ្ជមានជានិរន្តភាព។

យុវជនក្រុមនេះ នឹងទៅកាន់ខេត្តគោលដៅចំនួន៣ ដែលក្នុងនោះ រួមមាន ខេត្តកំពង់ស្ពឺ ក្រុងព្រះសីហនុ និង ខេត្តកោះកុង។ នៅខេត្តកំពង់ស្ពឺ យុវជនក្រុមនេះ នឹងធ្វើសកម្មភាពចែករំលែកចំណេះដឹង សម្អាតបរិស្ថាន និងសកម្មភាពសម្បុរសធម៌ នៅអង្គការសមាគមន៍ក្តីសង្ឃឹមរបស់ជនក្រីក្រ ( Hopeful Association of the Poor) តាមរយៈការបរិច្ចាគសម្ភាៈសិក្សា គ្រឿងឧបភោគ ទឹក និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីជំរុញការអភិវឌ្ឍចំណេះដឹង និងបង្កើតឱកាសសម្រាប់កុមារដែលកំពុងត្រូវការការគាំទ្រ ការលើកកម្ពស់អាហារូបត្ថម្ភ អនាម័យ ដែលជួយបង្កើនសុខមាលភាពកុមារ។សម្ភារៈដែលជាតម្រូវការរួមមាន ៖ សម្ភារៈសិក្សារួមមាន (ប៊ិច ខ្មៅដៃ កាតាប ផ្សេងៗ), សៀវភៅកុមារ (ភាសាខ្មែរ និង អង់គ្លេស ), សៀវភៅគំនូរ ,សម្ភារៈអនាម័យប្រើប្រាស់ប្រចាំថ្ងៃ និង អាហារដែលអាចរក្សាទុកបានយូរ (អង្គរ,អាហារកំប៉ុង..)។ ក្រៅពីនេះ ក្រុមយុវជន នឹងមានការដាំដើមឈើនៅសាលាបឋមសិក្សាអង្គរភ្នំក្លុង នៅខេត្តកោះកុង ព្រមទាំងស្វែងយល់ពីសេដ្ឋកិច្ចក្នុងតំបន់ បូកផ្សំជាមួយវប្បធម៌ ទេសចរណ៍ក្នុងតំបន់។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សាប្រចាំឆ្នាំ គឺជាគំនិតផ្តួចផ្តើមប្រចាំឆ្នាំដែលរៀបចំឡើងដោយនិស្សិតថ្នាក់ពិសេសផ្នែក សេដ្ឋកិច្ច និងគ្រប់គ្រងជាភាសាបារាំង និងអង់គ្លេស នៃមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំង នៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សហការជាមួយសាកលវិទ្យាល័យ Lumière Lyon 2 ចាប់តាំងពីឆ្នាំ ២០០១។ អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ កម្មវិធីនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់និស្សិតក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសង្គម បរិស្ថាន និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ គំនិត ផ្តួចផ្តើមនេះត្រូវបានអនុវត្តដោយជោគជ័យនៅតាមបណ្តាខេត្តជាច្រើន រួមមានខេត្តកំពង់ស្ពឺ កំពត ក្រុងព្រះសីហនុ កំពង់ធំ និងសៀមរាប។ សម្រាប់សាធារណជនដែលមានបំណងគាំទ្រសកម្មភាពនិស្សិត អាចចូលទៅកាន់គេហទំព័រ Filière d'Économie et de Gestion - ថ្នាក់ពិសេសផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រង៕


Khcct banner

អត្ថបទទាក់ទង