ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំ “ការប្រកួតវីដេអូអប់រំខ្នាតខ្លីស្តីសន្តិសុខសាយប័រឆ្នាំ ២០២៦ - Cybersecurity Short Video Competition 2026” ដើម្បីឆ្លើយតបនឹងការគំរាមកំហែងតាមអនឡាញ និងបញ្ជ្រាបចំណេះដឹងផ្នែកសន្តិសុខសាយប័រនៅកម្ពុជា ហើយកម្មវិធីនឹងជ្រើសរើសវីដេអូដែលល្អបំផុតមួយទៅដាក់ប្រកួតនៅក្នុងកម្មវិធី ASEAN-Japan Cybersecurity Video Competition។ ចំពោះបេក្ខជនជាប់ចំណាត់ថ្នាក់លេខ១ នឹងទទួលបានទឹកប្រាក់ ២លានរៀល, លេខ២ ទទួលបានទឹកប្រាក់១លានរៀល, និងលេខ៣ ទទួលបានទឹកប្រាក់៦០ម៉ឺនរៀល។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសនីយ៍ ដើម្បីដាក់ពាក្យចូលរួមប្រកួតបេក្ខជនត្រូវបំពេញតាមលក្ខខណ្ឌដូចជា ជាសិស្ស ឬនិស្សិតដែលកំពុងសិក្សានៅក្នុងគ្រឹះស្ថានអប់រំនានាចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ និងមានអាយុមិនលើសពី ៣០ឆ្នាំ ព្រមទាំងមានភាពច្នៃប្រឌិតខ្ពស់ក្នុងការផលិត និងបង្ហោះវីដេអូជាសាធារណៈ។ ជាមួយគ្នានេះ ចំពោះលក្ខន្តិកៈវីដេអូវិញ បេក្ខជនត្រូវផលិតវីដេអូដែលមានរយៈពេលចន្លោះពី ៣០ទៅ ៦០នាទី និងជាស្នាដៃដើមដែលមិនមានការលួចចម្លងពីគេ។ មួយវិញទៀត វីដេអូដែលផលិតចេញមក ប្រសិនបើជាភាសាខ្មែរត្រូវមានចំណងជើងរង(Subtitle) ជាភាសាអង់គ្លេស និងប្រសិនបើជាភាសាអង់គ្លេសត្រូវមានចំណងជើងរង (Subtitle) ជាភាសាខ្មែរ។ នៅចុងបញ្ចប់វីដេអូ បេក្ខជនត្រូវបញ្ជូលឈ្មោះសាមីខ្លួន និងឈ្មោះគ្រឹះស្ថានសិក្សា បន្ទាប់មកបង្ហោះវីដេអូជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក និងតិកតុកផ្ទាល់ខ្លួន។
បើតាមប្រភពដដែល ចំពោះប្រធានបទនៃវីដេអូបេក្ខជនអាចជ្រើសរើសយកមួយនៅក្នុងចំណោមប្រធានបទដូចជា៖
• ការបោកបញ្ឆោតតាមបែបចិត្តសាស្ត្រ (Social Engineering)
• ការបោកបញ្ឆោតផ្ទេរប្រាក់ (Money Mule)
• បញ្ញាសិប្បនិម្មិត (Artificial Intelligence)
• ការធ្វើបាបតាមប្រព័ន្ធអ៊ីនធឺណេត (Cyberbullying)
• ការបោកបញ្ឆោតតាមរយៈ QR (QR Code Phishing ឬ Quishing)
• សុវត្ថិភាពសាយប័រសម្រាប់មនុស្សចាស់ ឬមនុស្សវ័យចំណាស់ (Cyber Safety for Seniors)
• អ៊ីនធឺណេតនៃវត្ថុ (Internet of Thing ឬ IoT)
• ឧបករណ៍ឆ្លាតវៃ (Smart Devices)
• បេក្ខជនអាចជ្រើសរើសប្រធានបទដទៃទៀតដែលទាក់ទងនឹងសន្តិសុខសាយប័រ។
គណ:កម្មការវាយតម្លៃនឹងដាក់ពិន្ទុដោយផ្អែកលើ ខ្លឹមសារ ៥០ភាគរយ ភាពច្នៃប្រឌិត ២៥ភាគរយ និងគុណភាពបច្ចេកទេស ២៥ភាគរយ។
គួរបញ្ជាក់ថា បេក្ខជនអាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ហើយលទ្ធផលនឹងប្រកាសនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦៕