ព្រៃវែង៖ លោក ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក ៣ខេត្ត រួមមាន ខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានប្រគល់ម៉ូតូជូនដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេសនៃខេត្តព្រៃវែង ចំនួន ៣នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ ១គ្រឿង ដើម្បីជាការលើកទឹកចិត្ត និងជំរុញស្មារតីខិតខំប្រឹងប្រែងសិក្សារបស់សិស្សានុសិស្ស។
សិស្សពូកែទាំង ៣នាក់ រួមមាន៖ ទី១. ឈ្មោះ ថន រិនសុភៈ ជ័យលាភីសិស្សពូកែ ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ផ្នែកគណិតវិទ្យា ថ្នាក់ទី១២ មកពីវិទ្យាល័យ ព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ទី២. ឈ្មោះ យឿន កល្យាណ ជ័យលាភីសិស្សពូកែ ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ផ្នែកភាសាខ្មែរ ថ្នាក់ទី៩ មកពីវិទ្យាល័យ ព្រៃព្នៅ ស្រុកពារាំង និងទី៣. ឈ្មោះ ឡៃ កន្និកា ជ័យលាភីសិស្សពូកែ ចំណាត់ថ្នាក់លេខ៤ ទូទាំងប្រទេស ផ្នែកភាសាខ្មែរ ថ្នាក់ទី១២ មកពីវិទ្យាល័យ ព្រៃព្នៅ ស្រុកពារាំង។
ការផ្តល់ម៉ូតូនេះ ដើម្បីជាការលើកទឹកចិត្ត និងជំរុញស្មារតីខិតខំប្រឹងប្រែងសិក្សារបស់សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរ និងក្លាយជាគំរូល្អសម្រាប់សិស្សានុសិស្សដទៃទៀត។
គួរបញ្ជាក់ថា ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ សម័យប្រឡង៖ ២៦ មេសា ២០២៦” បានរកឃើញជ័យលាភីទាំង ៦០ រូប (ថ្នាក់ទី៩ ចំនួន ៣០ រូប និងថ្នាក់ទី១២ ចំនួន ៣០ រូប) ក្រោយបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងរយៈពេលប្រឡង ៥ ថ្ងៃកន្លងមក៕