ចិន៖ អាជ្ញាធរសង្គ្រោះគ្រោះមហន្តរាយក្នុងតំបន់ ក្នុងស្រុក Liunan ទីក្រុង Liuzhou នៃតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែឧសភានេះបានបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៥,២ រិចទ័រ បានអង្រួនយ៉ាងខ្លាំង នៅទូទាំងទីក្រុង Liuzhou, Guigang, Wuzhou, Hechi, Nanning និងបណ្តាលក្រុងនានានៅក្បែរនោះ។ ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្ស ៣ នាក់បាត់ខ្លួន និង ៤ នាក់ទៀតរងរបួស ប៉ុន្តែមិនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិតនោះទេ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន China Daily ដោយផ្អែកលើទិន្នន័យពីរដ្ឋបាលរញ្ជួយដី Guangxi បានឱ្យដឹងថា គ្រោះធម្មជាតិនេះបានកើតឡើងនៅវេលាម៉ោង ០:២១ នាទីរំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទ ក្នុងជម្រៅដី ៨ គីឡូម៉ែត្រ។ ចំណុចរញ្ជួយចំកណ្តាល (Epicenter) ស្ថិតនៅក្នុងទីប្រជុំជន Taiyangcun ដែលមានចម្ងាយប្រមាណ ១៦ គីឡូម៉ែត្រពីកណ្តាលទីក្រុង Liuzhou។
ប្រភពដដែលបានបន្តថា រលកញ័ររញ្ជួយត្រូវបានគេដឹងយ៉ាងច្បាស់នៅទូទាំងទីក្រុង Liuzhou, Guigang, Wuzhou, Hechi, Nanning និងបណ្តាក្រុងនានានៅក្បែរនោះ។ គិតត្រឹមម៉ោង ៤ ទៀបភ្លឺ ថ្ងៃដដែល អគារចំនួន ១៣ ខ្នងបានដួលរលំនៅក្នុងតំបន់រងគ្រោះ។
ភ្លាមៗបន្ទាប់ពីកើតហេតុ អាជ្ញាធរចិនបានប្រកាសដាក់ឱ្យអនុវត្តផែនការឆ្លើយតបនឹងគ្រោះអាសន្នរញ្ជួយដីថ្នាក់ជាតិកម្រិត៤ IV (Level IV)។ ក្រុមសង្គ្រោះបន្ទាន់ ដែលរួមមានបុគ្គលិកគ្រប់គ្រងគ្រោះអាសន្ន កងកម្លាំងនគរបាល ភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមជំនាញបច្ចេកទេស ត្រូវបានចាត់តាំងឱ្យចុះអន្តរាគមន៍ជាបន្ទាន់ ដើម្បីស្វែងរកអ្នកបាត់ខ្លួន ជម្លៀសប្រជាពលរដ្ឋ និងចុះត្រួតពិនិត្យសុវត្ថិភាពទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន អគារ ផ្លូវថ្នល់ ស្ពាន តំបន់អណ្តូងរ៉ែ ក៏ដូចជាទីតាំងដែលអាចប្រឈមនឹងគ្រោះថ្នាក់ភូមិសាស្ត្រខ្ពស់ (ដីបាក់) ជាដើម។ បន្ថែមលើនេះ ក្រុមការងារពិសេសមួយក៏ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ ដើម្បីដឹកនាំ និងសម្របសម្រួលកិច្ចសង្គ្រោះផ្ទាល់នៅនឹងកន្លែង។
តាមរយៈកិច្ចអន្តរាគមន៍ភ្លាមៗ ពលរដ្ឋចិនក្នុងតំបន់រងគ្រោះជាង ៧,០០០ នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពដោយជោគជ័យ។ ដោយឡែក សេវាសាធារណៈជាមូលដ្ឋាន រួមមាន ប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍ បណ្តាញអគ្គិសនី ទឹកស្អាត ការផ្គត់ផ្គង់ហ្គាស និងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវគោក មិនមានការរំខានឡើយ ពោលគឺនៅតែបន្តដំណើរការជាធម្មតាទាំងស្រុង៕