វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៦ ខែឧសភា បានប្រកាសពីជោគជ័យនៃប្រតិបត្តិការរួមគ្នារវាងកងទ័ពសហរដ្ឋអាម៉េរិក និងនីហ្សេរីយ៉ា ក្នុងការកម្ទេចលោក អាប៊ូ-ប៊ីឡាល់ អាល់-មីនូគី (Abu-Bilal al-Minuki) ដែលជាមេបញ្ជាការរងលំដាប់ទីពីររបស់ក្រុម ISIS នៅទូទាំងសកលលោក ក្នុងអំឡុងពេលវាយប្រហារលើបន្ទាយរបស់គេនៅតំបន់អាងបឹងឆាត (Lake Chad Basin) កាលពីយប់ថ្ងៃសុក្រ។
ថ្លែងប្រាប់កាសែតCNN លោក ត្រាំ និងរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ភីត ហេហ្គសេត (Pete Hegseth) បានសង្កត់ធ្ងន់ថា ការដកចេញនូវមេដឹកនាំកំពូលដែលធ្លាប់តែតាមប្រមាញ់អស់ជាច្រើនខែរូបនេះ នឹងជួយកាត់បន្ថយឥទ្ធិពល និងរំលាយប្រតិបត្តិការជាសកលរបស់ក្រុមភេរវករមួយនេះយ៉ាងខ្លាំង ជាពិសេសគឺការទប់ស្កាត់ការសម្លាប់បងប្អូនសាសនិកគ្រិស្ត និងប្រជាជននៅក្នុងតំបន់អាហ្វ្រិក។
រដ្ឋាភិបាល និងវិមានប្រធានាធិបតីនីហ្សេរីយ៉ា ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ និងអបអរសាទរចំពោះប្រតិបត្តិការដ៏ក្លាហាននេះផងដែរ ដោយលោកប្រធានាធិបតី បូឡា អាហ្វម៉េដ ទីនូប៊ូ (Bola Ahmed Tinubu) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាអ្នកដឹកនាំ និងការគាំទ្រមិនងាករេរបស់លោក ត្រាំ ក្នុងការលើកកម្ពស់សន្តិសុខរួមគ្នា។
អាជ្ញាធរនីហ្សេរីយ៉ាបានពន្យល់ថា ថ្វីដ្បិតតែកាលពីឆ្នាំ២០២៤ ធ្លាប់មានរបាយការណ៍ភ័ន្តច្រឡំអត្តសញ្ញាណថា អាល់-មីនូគី ត្រូវបានសម្លាប់ម្តងរួចមកហើយក្តី ប៉ុន្តែសម្រាប់ការវាយប្រហារចំគោលដៅដែលមានការឃ្លាំមើលយ៉ាងហ្មត់ចត់លើកនេះ គឺយោធាមានទំនុកចិត្តខ្ពស់បំផុតថាពិតជាបានកម្ទេចរូបគេ និងមេបញ្ជាការរងជាច្រើននាក់ទៀតពិតប្រាកដមែន។
ទោះជាយ៉ាងណា ជុំវិញការលើកឡើងរបស់លោក ត្រាំ ដែលថាពួកភេរវករផ្តោតលើការធ្វើទុក្ខបុកម្នេញ និងសម្លាប់អ្នកកាន់សាសនាគ្រិស្ត អ្នកនាំពាក្យប្រធានាធិបតីនីហ្សេរីយ៉ាបានបដិសេធជំហរនេះ ដោយអះអាងថា មិនមានការប្រល័យពូជសាសន៍លើអ្នកកាន់សាសនាគ្រិស្តនៅក្នុងប្រទេសឡើយ ព្រោះពួកភេរវករតែងតែរើសអើង និងវាយប្រហារលើប្រជាជនគ្រប់សាសនាទាំងអស់។
ក្រុមអ្នកវិភាគក៏បានគាំទ្រការលើកឡើងរបស់ភាគីនីហ្សេរីយ៉ាផងដែរ ដោយបញ្ជាក់ថា ទាំងអ្នកកាន់សាសនាគ្រិស្ត និងឥស្លាម សុទ្ធតែជាជនរងគ្រោះដូចគ្នា។ ម្យ៉ាងវិញទៀត បញ្ហាសន្តិសុខដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសនីហ្សេរីយ៉ា ក៏មានឫសគល់មកពីជម្លោះផ្ទៃក្នុងសហគមន៍ ភាពតានតឹងផ្នែកពូជសាសន៍ និងវិវាទដណ្តើមដីធ្លីព្រមទាំងប្រភពទឹកផងដែរ៕