681 ezgif.com resize
Swift cc time

ហេតុការណ៍ «រថភ្លើងបុកឡានក្រុង» យ៉ាងរន្ធត់នៅបាងកក សម្លាប់មនុស្ស ៨នាក់ និងរបួសជាង ៣០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង កាលពីរសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ម្សិលមិញនេះ ដោយរថភ្លើងដឹកទំនិញមួយគ្រឿងបានបុកទង្គិចយ៉ាងពេញទំហឹងជាមួយរថយន្តក្រុងសាធារណៈ បណ្តាលឱ្យផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ សម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់ និង ៣២ នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian។

យោងតាមរបាយការណ៍បឋមពីកន្លែងកើតហេតុ បានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៣:៥០ នាទីរសៀល នៅជិតស្ថានីយរថភ្លើង Airport Rail Link ម៉ាកាសាន (Makkasan) ក្នុងទីក្រុងបាងកក។ នៅពេលកើតហេតុ រថភ្លើងដឹកទំនិញដែលកំពុងធ្វើដំណើរពីខេត្តឆាក់ឆឺងសៅ (Chachoengsao) ឆ្ពោះទៅកាន់ស្ថានីយបាងស៊ូ (Bang Sue) បានបុកជាមួយរថយន្តក្រុងម៉ាស៊ីនត្រជាក់ខ្សែ ២៣ (រត់ផ្លូវ បាងណា–ថេវេត)។ កម្លាំងបុកដ៏ខ្លាំងក្លាបានអូសសណ្តោងរថយន្តក្រុងទៅមុខចម្ងាយប្រហែល ៥០ ម៉ែត្រ មុនពេលផ្ទុះជាអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង។ ក្រៅពីនេះ ម៉ូតូ និងរថយន្តមួយចំនួនទៀតដែលនៅក្បែរនោះ ក៏បានរងការបុកទង្គិចបន្តគ្នា និងរងការខូចខាតផងដែរ។

ភ្លាមៗនោះ ក្រុមកងពន្លត់អគ្គិភ័យ និងកម្លាំងសង្គ្រោះបន្ទាន់មកពីនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ រួមទាំងមន្ត្រីនគរបាលប៉ុស្តិ៍ម៉ាកាសាន និងមូលនិធិសង្គ្រោះនានា បានប្រញាប់ប្រញាល់ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ និងជួយសង្គ្រោះជនរងគ្រោះ។ ក្រោយមក អាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យបានទាំងស្រុង រួចក៏បានចាប់ផ្តើមប្រតិបត្តិការស្វែងរកសាកសពជនរងគ្រោះ និងជម្រះកម្ទេចកំទីចេញពីផ្លូវដែក។

ពាក់ព័ន្ធនឹងករណីនេះ ទាំងលោកនាយករដ្ឋមន្ត្រី អនុទីន ចាន់វីរៈកុល និងអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានចុះពិនិត្យកន្លែងកើតហេតុផ្ទាល់ទាំងយប់ ដោយបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំងអស់គឺជាអ្នកដំណើរនៅលើរថយន្តក្រុង ហើយអាជ្ញាធរនឹងបើកការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ៕


Khcct banner

អត្ថបទទាក់ទង