681 ezgif.com resize
Swift cc time

ក្រសួងវប្បធម៌ បន្តចេញតវ៉ាការរៀបចំ«ព្រឹត្តិការណ៍ និង ពិធីសាសនា»របស់ថៃលើប្រាសាទខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ តវ៉ាយ៉ាងខ្លាំងក្លាបំផុតនិងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ និង ពិធីសាសនាព្រមទាំងការបើកប្រាសាទខ្នារឱ្យមហាជនចូលទស្សនាជាសាធារណៈដោយភាគីថៃ ពីព្រោះទីតាំងបេតិកភណ្ឌនេះ គឺស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ 

យោងតាមសេចក្តីប្រកាសនោះ ក្រសួងបានបញ្ជាក់ជាថ្មីថា ប្រាសាទខ្នារ រួមជាមួយប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ និង វប្បធម៌ដែលស្ថិតទាំងស្រុងក្នុងដែនអធិបតេយ្យកម្ពុជា ដូចមានការកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ព្រមទាំងឯកសារពាក់ព័ន្ធនៃការកំណត់ព្រំដែន ដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហរច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងព្រំដែនគោក និងព្រំដែនសមុទ្រ។ ជំហរដោះស្រាយព្រំដែនគោកជាមួយថៃ ក៏ដូចជាជាមួយបណ្តាប្រទេសជិតខាងទាំងអស់ គឺដោះស្រាយដោយសន្តិវិធី និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។

កម្ពុជាក៏បានរម្លឹកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេច លើទីតាំងជាក់ស្ដែង (faits accomplis) នោះទេ។ ក្នុងន័យនេះ កម្ពុជាអំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញ និងភ្លាមៗ នូវសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុង ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យារពេលបន្តទៀតឡើយ៕



Khcct banner

អត្ថបទទាក់ទង