ភ្នំពេញ៖ និស្សិតមួយក្រុមនៃដេប៉ាតឺម៉ង់ភាសាអង់គ្លេស វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំគម្រោងមានឈ្មោះថា “ទិសដៅ” ក្នុងគោលបំណងជួយឱ្យសិស្សានុសិស្សជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវនៅក្នុងសាកលវិទ្យាល័យ។ គម្រោងមួយនេះ នឹងធ្វើឡើងជាលក្ខណៈសិក្ខាសាលា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ ជាមួយនឹងសិស្សានុសិស្សចំនួន ១០០នាក់ ដែលកំពុងសិក្សានៅទីនោះផ្ទាល់។
ក្រុម”ទិសដៅ” បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គម្រោងនេះលេចរូបរាងឡើងមកដោយផ្អែកលើការសង្កេតឃើញថាសិស្សានុសិស្សភាគច្រើននៅតាមបណ្តាខេត្ត កម្រមានឱកាសទទួលបានការណែនាំទាក់ទងនឹងជំនាញសិក្សា បើប្រៀបធៀបនឹងទីក្រុង។ ការសង្កេតនេះមិនត្រឹមតែផ្អែកលើតថសង្គមតែប៉ុណ្ណោះទេ ក្រុមនិស្សិតក៏បានស្វែងរកទិន្នន័យពីអង្គការ និងស្ថាប័ននានាដែលធ្វើការជាមួយយុវជនផងដែរ។
អាស្រ័យហេតុនេះហើយ ទើបក្រុម “ទិសដៅ” ជាក្រុមនិស្សិតសាកលវិទ្យាល័យដែលប្រមូលផ្តុំគ្នាក្នុងគោលបំណងជម្រុញឱ្យសិស្សានុសិស្សជាពិសេសនៅតាមបណ្តាខេត្តជ្រើសរើសជំនាញបានត្រឹមត្រូវ។ បន្ថែមពីនេះ ពួកគេចង់ពង្រឹងការយល់ដឹងរបស់សិស្សវិទ្យាល័យយល់ដឹងពីចំណងចំណូលចិត្ត និងសមត្ថភាពផ្ទាល់ខ្លួន ព្រមទាំងស្វែងយល់ពីជំនាញនីមួយៗឱ្យបានទូលំទូលាយ និងការកសាងទំនុកចិត្តក្នុងការជ្រើសរើសផ្លូវសិក្សាឱ្យត្រឹមត្រូវមួយ។
បន្ថែមពីនេះ នៅក្នុងសិក្ខាសិលាមួយថ្ងៃពេញមានសកម្មភាពដូចជា ការពិភាក្សាក្រុមអំពីការជ្រើសរើសជំនាញ និងជីវិតនៅសាកលវិទ្យាល័យ ការធ្វើតេស្តចំណង់ចំណូលចិត្ត (RIASEC Quiz) ការពិភាក្សាក្រុមតូច និងផ្តល់ការណែនាំពីនិស្សិតដែលជាងអ្នកណែនាំ។ ក្រុមទិសដៅ រំពឹងថាសិក្ខាសាលាមួយនេះនឹងជួយលើកម្ពស់ចំណេះដឹង និងបំផុសគំនិតឱ្យសិស្សានុសិស្សដែលបានចូលរួមយល់ដឹងរបស់សិស្សវិទ្យាល័យអំពីជំនាញសិក្សានៅសាកលវិទ្យាល័យ ឱកាសការងារ និងការរៀបចំផែនការសិក្សាជាដើម។ សិស្សានុសិស្សនឹងទទួលបានទំនុកចិត្តក្នុងការសម្រេចចិត្តអំពីការសិក្សានាពេលអនាគតរបស់ពួកគេ ដោយផ្អែកលើចំណង់ចំណូលចិត្ត និងភាពខ្លាំងរបស់ពួកគេ។ គម្រោងនេះក៏មានគោលបំណងលើកទឹកចិត្តឱ្យមានអាកប្បកិរិយាវិជ្ជមានចំពោះការជ្រើសរើសជំនាញ ដោយមិនផ្អែកលើកត្តាមជ្ឈដ្ឋានជុំវិញខ្លួន។
ជាចុងក្រោយ ក្រុមទាំងមូលជឿជាក់ថា “សិស្សានុសិស្សគ្រប់រូបសមនឹងទទួលបាននូវសមភាពនៃការអប់រំ ហើយខ្ញុំក៏កាន់តែជឿជាក់ថាសិស្សគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីសិក្សាស្វែងយល់ពីចំណុចខ្លាំងរបស់ពួកគេគ្រប់រូប និងឱកាសក្នុងការស្វែងរកអនាគតរបស់ពួកគេដោយគ្មានដែនកំណត់។តាមរយៈគំនិតផ្តួចផ្តើម Tisdao សង្ឃឹមថាសមាជិកទាំងអស់ នឹងរួមចំណែកក្នុងការកសាង និងផ្តល់នូវភាពវិជ្ជមានដល់សិស្សានុសិស្សជំនាន់ក្រោយឱ្យពួកគេមានទំនុកចិត្ត និងយល់ដឹងកាន់តែច្រើន ជឿជាក់លើខ្លួនឯង ដើម្បីជាមាគ៌ានៃការកសាងអនាគតរបស់សិស្សានុសិស្សផ្ទាល់និងសង្គមជាតិ។
គួរបញ្ជាក់ថា ក្រុមទិសដៅមានសមាជិកសរុបចំនួន ៨នាក់ ដែក្នុងនោះមាន ៣នាក់ជានិស្សិតស្រី ហើយក្រុមនេះក៏មានការជួយគាំទ្រពីនិស្សិតដទៃទៀតដើម្បីឱ្យសិក្ខាសាលាប្រព្រឹត្តទៅដោយរលូនផងដែរ៕