អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ត្រាំ បានព្រមានចំៗទៅកាន់កោះតៃវ៉ាន់កុំឱ្យ ប្រកាសឯករាជ្យ លោកថាមិនចង់ធ្វើដំណើរជាង១ម៉ឺនគីឡូមកធ្វើសង្រ្គាមនោះទេ។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន FOX NEWS ក្រោយដំណើរទស្សនកិច្ចបញ្ចប់ទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃលោកបញ្ជាក់ថាលោកមិនបានធ្វើការប្តេជ្ញាចិត្តណាមួយឡើយជុំវិញកោះតៃវ៉ាន់ លោក ត្រាំ បានប្រាប់ Fox News ថា “យើងមិនមានបំណងចង់ធ្វើសង្គ្រាមទេ ហើយប្រសិនបើតៃវ៉ាន់រក្សាខ្លួនដូចសព្វថ្ងៃ ខ្ញុំគិតថាប្រទេសចិននឹងយល់ព្រមជាមួយរឿងនោះ។
នៅក្នុងបទសម្ភាសន៍របស់លោកជាមួយ Fox News លោក Trump បានបញ្ជាក់ជាថ្មីថាគោលនយោបាយរបស់សហរដ្ឋអាម៉េរិកលើបញ្ហានេះមិនមានការផ្លាស់ប្តូរទេ។លោកត្រាំបន្តថា អ្នកដឹងទេ យើងនឹងធ្វើដំណើរ ៩,៥០០ម៉ាយ (១៥,២៨០ គីឡូម៉ែត្រ) ដើម្បីធ្វើសង្រ្គាមបើមានរឿងណាកើតឡើង។ លោកថាមិនចង់ឃើញរឿងបែបនេះកើតឡើងនោះទេ លោកចង់បានរក្សាស្ងប់ស្ងាត់ និងចង់ឲ្យប្រទេសចិននៅស្ងៀម។
នៅលើជើងហោះហើរត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ប្រធានាធិបតីអាម៉េរិកបានប្រាប់អ្នកយកព័ត៌មានថា លោក និងលោក Xi បាននិយាយ "ច្រើន" អំពីកោះនេះ ក្នុងនោះលោកបានបដិសេធមិនពិភាក្សាថាតើសហរដ្ឋអាម៉េរិកនឹងការពារវាឬអត់ឡើយ។
គួរកត់សម្គាល់ថាលោកស៊ីជិនពីងបានព្រមានក្នុងការជជែកគ្នារវាងលោកទាំងពីរថាបញ្ហាតៃវ៉ាន់គឺជាបញ្ហាសំខាន់បំផុតនៅក្នុងទំនាក់ទំនងចិន-អាម៉េរិក លោកថាប្រសិនបើដោះស្រាយមិនបានល្អ ប្រទេសទាំងពីរអាចនឹងប៉ះទង្គិចគ្នា ឬអាចកើតមានជម្លោះណាមួយ៕