681 ezgif.com resize
Swift cc time

លោក អ៊ឹង គួងម៉េង ប្រឹងប្រែងយ៉ាងស្វិតស្វាញដើម្បីសម្រេចក្តីស្រមៃទៅសិក្សាជំនាញព័ត៌មានវិទ្យានៅប្រទេសជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ លោក អ៉ឹង គួងម៉េង ជានិស្សិតកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញព័ត៌មានវិទ្យានៅសាកលវិទ្យាល័យ Osaka Metropolitan University តាមរយៈអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT Scholarship ផ្នែក Research Students។ តាមរយៈបទពិសោធន៍កន្លងមក មុននឹងទទួលបានអាហារូបករណ៍រដ្ឋាភិបាលជប៉ុននេះ លោកបានខិតខំយ៉ាងស្វិតស្វាញទាំងការសិក្សារៀនសូត្រនៅក្នុងថ្នាក់បរិញ្ញាបត្រ និងដុសខាត់សមត្ថភាពតាមរយៈការធ្វើគម្រោង និងការស្រាវជ្រាវយ៉ាងច្រើនទាក់ទងនឹងបច្ចេកវិទ្យា ព្រមទាំងបានចូលរួមកម្មវិធីចែករំលែកព័ត៌មាន និងបទពិសោធន៍ផ្សេងៗដើម្បីត្រៀមខ្លួនឱ្យរួចរាល់ក្នុងការដាក់អាហារូបករណ៍។

លោក អ៉ឹង គួងម៉េង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកបានស្គាល់អាហារូបករណ៍MEXT ចាប់តាំងពីលោកកំពុងសិក្សាឆ្នាំទី២ ជំនាញវិស្វកម្មព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមកម្លេះ ហេតុនេះលោកបានខិតខំប្រឹងប្រែងដើម្បីបំពេញឱ្យគ្រប់លក្ខខណ្ឌរហូតទទួលបានអាហារូបករណ៍ ដែលក្នុងនេះលោកក៏ជាម្ចាស់ជ័យលាភីវិស្វករ និងអ្នកវិទ្យាសាស្ត្រវ័យក្មេងរបស់ហុងដាផងដែរ។ បច្ចុប្បន្ននេះ លោកកំពុងសិក្សាថ្នាក់អនុបណ្ឌិតជំនាញព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យ Osaka Metropolitan University ប្រទេសជប៉ុន។

និស្សិតអាហារូបករណ៍ MEXT រូបនេះបានបន្តថា មូលហេតុដែលលោកជ្រើសរើសជំនាញមួយនេះដោយសារលោកមានចំណង់ចំណូលចិត្តក្នុងការសិក្សាពីបច្ចេកវិទ្យាថ្មីៗ និងរបៀបដែលប្រើប្រាស់វាដើម្បីដោះស្រាយបញ្ហា ហើយគួបផ្សំនឹងបច្ចេកវិទ្យាបច្ចុប្បន្នកាន់តែជឿនលឿនទៀតទើបការសិក្សានេះកាន់តែចាំបាច់។ លោកបន្ថែមថា បានជាលោកជ្រើសរើសបន្តការសិក្សានៅប្រទេសជប៉ុន ព្រោះលោកមានចំណងចំណូលចិត្តខ្លាំងលើវប្បធម៌ជប៉ុនតាំងពីលោកសិក្សានៅសាកលវិទ្យាល័យ និងមើលឃើញថាប្រទេសជប៉ុនជាប្រទេសដែលមានភាពស្រស់ស្អាត សណ្តាប់ធ្នាប់ល្អ ហើយវិស័យអប់រំមានគុណភាពខ្ពស់។

លោក អ៉ឹង គួងម៉េងបានរៀបរាប់បន្តថា ដើម្បីដាក់ពាក្យអាហារូបករណ៍នេះបេក្ខជនត្រូវឆ្លងកាត់ដំណាក់កាលពីរធំៗគឺ វគ្គជម្រុះទី១ ជាការជម្រុះពីស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបេក្ខជនត្រូវរៀបចំដាក់ពាក្យនិងឯកសារភ្ជាប់ជាតម្រូវការផ្សេងៗ បន្ទាប់មកទៀតឆ្លងកាត់ការប្រឡងសរសេរ និងការសម្ភាស។ បន្ទាប់មក ក្នុងដំណាក់កាលទី២ គឹជាវគ្គជម្រុះពីសាកលវិទ្យាល័យ និងក្រសួងអប់រំប្រទេសជប៉ុន ដែលដំណាក់កាលនេះបេក្ខជនត្រូវរៀបចំឯកសាមួយចំនួនទៀតដូចជា ត្រូវស្នើសុំLetter of Provisional Acceptanceពីខាងសាកលវិទ្យាល័យដែលនិស្សិតចង់ទៅសម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា និងជាចុងក្រោយបេក្ខជនត្រូវរង់ចាំលទ្ធផល និងធ្វើតាមនិតិវិធីផ្សេងៗដើម្បីបន្តទៅប្រទេសជប៉ុន។ លោកបន្តថា អាហារូបករណ៍នេះផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ប្រាក់ឧបត្ថម្ភប្រចាំខែ និងឧបត្ថម្ភលើការសិក្សា និងថ្លៃធ្វើដំណើរទៅនិងមកប្រទេសជប៉ុនត្រូវបានរ៉ាប់រងដោយMEXT។ និស្សិតជ័យលាភីក៏ទទួលបានឱកាសបន្តការសិក្សាថ្នាក់ខ្ពស់បន្តទៀតក្រោមការគាំទ្រដោយMEXT។

យោងតាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកគួងម៉េង លោកចែករំលែកទៅកាន់បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងអាហារូបករណ៍នេះថា បេក្ខជនត្រូវរៀបចំផែនការសិក្សា និងការស្រាវជ្រាវឱ្យមានភាពច្បាស់លាស់ និងលម្អិត ហើយត្រូវអភិវឌ្ឍជំនាញ ប្តេជ្ញាចិត្តខ្ពស់ និងមានជំនឿចិត្តលើខ្លួនឯង ។ លោកក៏លើកទឹកចិត្តឱ្យបេក្ខជនស្វះស្វែងព័ត៌មានបន្ថែមតាមរយៈស្ថានទូតជប៉ុន និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងហ្វឹកហាត់ធ្វើវិញ្ញាសារចាស់ៗឱ្យបានច្រើន។

ជាចុងក្រោយ លោកបានឱ្យដឹងទៀតថា បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ លោកមានបំណងសិក្សាបន្តហើយត្រៀមខ្លួនត្រលប់មកប្រទេសកម្ពុជាវិញបំពេញការងារជាគ្រូបង្រៀន ដើម្បីចែករំលែងចំណេះដឹង និងអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ។ បេក្ខជន ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យអាចចូលទៅកាន់ តំណភ្ជាប់ និងដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង