ចិន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានយល់ព្រមលើការបញ្ជាទិញយន្តហោះ Boeing ចំនួន ២០០ គ្រឿង។ ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានលើសពីការរំពឹងទុកដំបូងរបស់ក្រុមហ៊ុន Boeing ដែលរំពឹងថានឹងទទួលបានការបញ្ជាទិញត្រឹមតែ ១៥០ គ្រឿងប៉ុណ្ណោះ។
យោងតាមការចុះផ្សាយរបស់កាសែតFox News អ្នកវិភាគបានព្យាករណ៍ជាមុនថា ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសចិន នឹងនាំមកនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ ជាពិសេសក្នុងវិស័យអាកាសចរណ៍។ ជាក់ស្តែង ក្រុមហ៊ុនវិភាគ Jefferies បានប៉ាន់ប្រមាណថា ការបញ្ជាទិញសរុបអាចនឹងហក់ឡើងដល់ ៥០០ គ្រឿងនាពេលអនាគត។
ក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ គេសង្កេតឃើញមានវត្តមានលោក Kelly Ortberg នាយកប្រតិបត្តិក្រុមហ៊ុន Boeing រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនធំៗរបស់អាមេរិកជាច្រើនរូបទៀត អមដំណើរលោកប្រធានាធិបតី។ នេះគឺជាជោគជ័យដ៏ធំធេងសម្រាប់ Boeing ព្រោះក្រុមហ៊ុនខ្នាតយក្សមួយនេះ មិនដែលឈ្នះកិច្ចសន្យាបញ្ជាទិញធំៗពីប្រទេសចិនឡើយក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ ខណៈដែលទីក្រុងប៉េកាំងតែងតែងាកទៅរកក្រុមហ៊ុនគូប្រជែង Airbus របស់អឺរ៉ុប។
ទោះបីជាលោក ត្រាំ មិនបានបញ្ជាក់ពីម៉ូដែលយន្តហោះជាក់លាក់ក៏ដោយ ប៉ុន្តែក្រុមអ្នកជំនាញជឿជាក់ថា ការបញ្ជាទិញនេះនឹងរួមបញ្ចូលនូវយន្តហោះ 737 Max រាប់រយគ្រឿង ដែលជាផលិតផលលក់ដាច់បំផុតរបស់ Boeing។
ក្រោយការប្រកាសនេះ ក្រុមហ៊ុន Boeing និងសេតវិមានមិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការបន្ថែមនៅឡើយទេ។ ដោយឡែក តម្លៃភាគហ៊ុនរបស់ Boeing បានបិទនៅថ្ងៃព្រហស្បតិ៍ក្នុងកម្រិតទាបជាងមុន ៤,៧៣% ប៉ុន្តែបានងើបឡើងវិញ ០,២៩% នៅក្នុងការជួញដូរក្រៅម៉ោង (after-hours)។
គួររំលឹកថា លោក Kelly Ortberg កាលពីខែមុន បានលើកឡើងក្នុងកិច្ចប្រជុំរបាយការណ៍ចំណូលថា កិច្ចប្រជុំកំពូលអាមេរិក-ចិន គឺជា «ឱកាសដ៏មានអត្ថន័យបំផុត» សម្រាប់ក្រុមហ៊ុនក្នុងការស្តារទីផ្សារឡើងវិញ។ លោកបានបញ្ជាក់យ៉ាងខ្លីថា៖ «ខ្ញុំមិនអាចប្រាប់ពីតួលេខពិតប្រាកដបានទេ ប៉ុន្តែវាគឺជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់»៕