ម៉ានីល៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោក រ៉ូណាល់ ដឺឡា រ៉ូសា (Ronald dela Rosa) សមាជិកព្រឹទ្ធសភា និងជាអតីតស្នងការនគរបាលជាតិហ្វីលីពីន បានរត់គេចខ្លួនចេញពីវិមានព្រឹទ្ធសភាដោយជោគជ័យ បន្ទាប់ពីបានប្រើប្រាស់ទីតាំងនេះជាជម្រកគេចវេសពីដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)ពីបទ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។
យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន AP ការរត់គេចខ្លួននេះបានកើតឡើងចំពេលមានភាពវឹកវរនៃហេតុការណ៍ផ្ទុះអាវុធជាច្រើនគ្រាប់កាលពីយប់ថ្ងៃពុធ នៅក្នុងវិមានព្រឹទ្ធសភាដែលមានការយាមកាមតឹងរ៉ឹង។ ការផ្ទុះអាវុធនេះបានកើតឡើងបន្ទាប់ពីមានជម្លោះរវាងសន្តិសុខប្រចាំអាគារ និងភ្នាក់ងាររដ្ឋាភិបាលម្នាក់ ដែលត្រូវបានគេជឿថាជាយុទ្ធសាស្ត្ររៀបចំឡើង ដើម្បីបង្កើតស្ថានភាពច្របូកច្របល់ បើកផ្លូវឱ្យលោកសមាជិកព្រឹទ្ធសភារូបនេះលបលួចគេចខ្លួន។
ជុំវិញភាពមិនច្បាស់លាស់នេះ ប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) បានចេញសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ទាំងយប់អាធ្រាត្រ ដើម្បីអំពាវនាវឱ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់ ខណៈសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅលើការសង្ស័យថា ហេតុការណ៍ផ្ទុះអាវុធនេះគឺជា «ការរៀបចំគ្រោងទុក» ដើម្បីជួយសម្រួលដល់ការគេចខ្លួន របស់លោក ដឺឡា រ៉ូសា។
ដោយឡែក ប្រធានព្រឹទ្ធសភាហ្វីលីពីន លោក អាឡាន់ កាយេតាណូ (Alan Cayetano) បានការពារជំហររបស់ខ្លួនដោយលើកឡើងថា៖ «វាមិនមែនជាការរារាំងយុត្តិធម៌នោះទេ»។ លោកបានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា លោកមិនទាន់បានឃើញដីកាចាប់ខ្លួនផ្លូវការណាមួយពី ICC ឡើយ ដូច្នេះសមាជិកព្រឹទ្ធសភាមានសេរីភាពពេញលេញក្នុងការចាកចេញពីបរិវេណព្រឹទ្ធសភា។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក រ៉ូណាល់ ដឺឡា រ៉ូសា ពីបទ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ ការចោទប្រកាន់នេះទាក់ទងនឹងយុទ្ធនាការ «សង្រ្គាមប្រឆាំងគ្រឿងញៀន» ដ៏ឃោរឃៅក្នុងអំឡុងឆ្នាំ២០១១ ដល់ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូធើតេ ដែលក្នុងនោះមានមនុស្សចន្លោះពី ១០,០០០ ទៅ ៣០,០០០ នាក់ត្រូវបានសម្លាប់៕