ប៉េកាំង៖ ចិនបានរៀបចំទទួលអាហារពិសេសថ្ងៃត្រង់ជូនលោកប្រធានាធិបតីដូណាល់ត្រាំប្រមាណ ១២ មុខនាថ្ងៃសុក្រនេះ មុនពេលបញ្ចប់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាងលោក ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្រៅពីម្ហូបពិសេស ១២ មុខនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺខណៈមេដឹកនាំទាំងពីរទទួលទានអាហារលំដាប់ខ្ពស់ អ្នកដែលនៅខាងក្រៅកិច្ចប្រជុំ រួមមានបុគ្គលិក និងអ្នកសារព័ត៌មាន បែរជាត្រូវបានបម្រើជូននូវអាហារវេចខ្ចប់ពីហាង McDonald’s ដែលជាអាហារសំណព្វចិត្តរបស់លោក ត្រាំ។
យោងតាមកាសែត The New York Post អាហារថ្ងៃត្រង់ទ្វេភាគីដែលប្រារព្ធឡើងក្នុងមជ្ឈមណ្ឌលជុងណានហៃ (Zhongnanhai) គឺជាការបង្ហាញពីអត្តសញ្ញាណវប្បធម៌ចិនយ៉ាងផ្ចិតផ្ចង់។ មុខម្ហូបទាំងអស់រួមមាន៖ ស៊ុបគ្រឿងសមុទ្រសាច់ត្រីកូដ (Codfish), ប្រហិតបង្កងបំពងស្រួយ, សាច់គោហ្វីឡេញាត់ផ្សិត Morel, មាន់ខុងប៉ាវ (Kung Pao chicken) និងគ្រំស្កាលឡុប, បន្លែតាមរដូវ, ទំពាំងបាយជូរផ្សិត និងសណ្តែក, សាច់គោខ្វៃញាត់ក្នុងនំប៉័ង និងគាវសាច់ជ្រូកបង្កង នំសូកូឡាប្រោននី, ផ្លែឈើ, ការ៉េម ព្រមទាំងកាហ្វេ និងតែ។
ដោយឡែក នៅខាងក្រៅវិមាន អាហារ McDonald’s ជាច្រើនថង់ដែលរួមមាន Big Macs និងសាំងវិចសាច់មាន់ ត្រូវបានចែកជូនក្រុមការងារអាម៉េរិក-ចិន និងអ្នកសារព័ត៌មាន ប៉ុន្តែមិនមានដំឡូងបារាំងបំពងដែលជាចំណុចសម្គាល់របស់ហាងនេះឡើយ។
គួររំលឹកផងដែរថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ពិធីជប់លៀងនៅវិមានប្រជាជនក៏មានភាពអស្ចារ្យមិនចាញ់គ្នាដែរ ដោយមុខម្ហូបនីមួយៗសុទ្ធតែផ្តល់កិត្តិយសដល់បេតិកភណ្ឌចិន និងអាម៉េរិក រួមមាន ឆ្អឹងជំនីគោបំពងស្រួយ, ទាខ្វៃ, បង្កងស៊ុបប៉េងប៉ោះ និងត្រីសាម៉ុងទឹកជ្រលក់មូស្តាត។ ចំពោះបង្អែមគឺមាននំ Tiramisu និងការ៉េម ដែលជាអាហារដែលលោក ត្រាំ ចូលចិត្តបំផុត។
ជាកិច្ចបញ្ចប់នៃដំណើរទស្សនកិច្ច លោក ដូណាល់ ត្រាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់លោក ស៊ី ជិនពីង។ ក្នុងឱកាសនោះ លោកក៏បានផ្ដល់ការអញ្ជើញជាផ្លូវការដល់លោក ស៊ី ជិនពីង និងភរិយា ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសេតវិមាន សហរដ្ឋអាម៉េរិក នាថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះផងដែរ៕