681 ezgif.com resize
Swift cc time

ខេត្តរបស់ថៃ«៥២ខេត្ត»និងក្រុងបាងកកនឹងប្រឈមជាមួយព្យុះភ្លៀង នឹងទឹកជំនន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ នាយកដ្ឋានឧតុនិយមថៃ (TMD) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីជូនដំណឹងគ្រោះអាសន្នថា តំបន់ភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូង រួមទាំងរាជធានីបាងកក នឹងត្រូវប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតពី ៦០ ទៅ ៧០% នៃផ្ទៃដី។ ស្ថានភាពនេះអាចបង្កឱ្យមានគ្រោះទឹកជំនន់ឆាប់រហ័ស និងទឹកជន់ហូរធ្លាក់ពីលើភ្នំ ជាពិសេសនៅតំបន់ជើងភ្នំ និងតំបន់ទំនាបក្បែរផ្លូវទឹក។នេះបើតាមកាសែត The Nation។

ក្នុងរបាយការណ៍ដដែល នាយកដ្ឋានបានបញ្ជាក់ឈ្មោះខេត្តចំនួន ៥២ ដែលត្រូវត្រៀមលក្ខណៈខ្ពស់ទប់ទល់នឹងឥទ្ធិពលខ្យល់បក់ខ្លាំង និងតាមដានស្ថានភាពទឹកជំនន់ (Flash Floods) ព្រមទាំងហានិភ័យទឹកជន់ធ្លាក់ពីលើភ្នំ (Forest Run-off) ក្នុងអំឡុងពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។

ខេត្តដែលរងផលប៉ះពាល់ទាំងនោះរួមមាន៖តំបន់ភាគខាងជើងចំនួន ១២ ខេត្ត,តំបន់ភាគកណ្តាល និងរាជធានីបាងកកចំនួន ១៤ ខេត្ត,តំបន់ភាគខាងកើតចំនួន ៧ ខេត្ត,តំបន់ភាគឦសានចំនួន ១០ ខេត្ត និងតំបន់ភាគខាងត្បូងចំនួន ៩ ខេត្ត។

ជាការឆ្លើយតប អាជ្ញាធរថៃបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងថែរក្សាសុខភាពក្នុងស្ថានភាពអាកាសធាតុមិនប្រក្រតីនេះ។ ដោយឡែក សម្រាប់កសិករថៃ ត្រូវបានណែនាំឱ្យរៀបចំវិធានការការពារផលដំណាំ និងសត្វពាហនៈ ដើម្បីកាត់បន្ថយការខូចខាតដែលអាចកើតមាន។

ជាមួយគ្នានេះដែរ ការព្រមានក៏បានផ្ដោតទៅលើអ្នកធ្វើនាវាចរណ៍នៅសមុទ្រអង់ដាម៉ង់ផងដែរ ដោយត្រូវបង្កើនការប្រុងប្រយ័ត្នទ្វេដង ខណៈដែលរលកសមុទ្រអាចមានកម្ពស់លើសពី ២ ម៉ែត្រ ក្នុងអំឡុងពេលមានភ្លៀងផ្គររន្ទះ ដែលអាចបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើរតាមផ្លូវទឹក។

Khcct banner

អត្ថបទទាក់ទង