681 ezgif.com resize
Swift cc time

ប្រធានក.ប.ប ខេត្តបាត់ដំបងត្រូវបាន«បញ្ចប់តំណែង និងលុបឈ្មោះ»ពីក្របខណ្ឌមន្ត្រីរាជការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក គឹម ប្រុស ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និង ការប្រកួតប្រជែង «ក.ប.ប» ខេត្តបាត់ដំបង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានសម្រេចបញ្ចប់តំណែង និង លុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការ លោក គឹម ប្រុស ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និង ការប្រកួតប្រជែង «ក.ប.ប» ខេត្តបាត់ដំបង ពាក់ព័ន្ធការលួចនាំចូលទុរេនពីថៃ តែលោកធ្វើរបាយការណ៍ថា ជាទុរេន នាំមកពីខេត្តកំពង់ចាម។ការបញ្ចប់តំណែងនេះ ធ្វើឡើងក្រោយពីមានការស្នើសុំពី សម្តេច ហ៊ុន សែន។

លោកស្រី ចម និម្មល នៅថ្ងៃទី ១៥ ឧសភា បានចេញនូវសេចក្តីប្រកាសសម្រេច បញ្ចប់តំណែង និង លុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការ លោក គឹម ប្រុស ប្រធានក.ប.ប ខេត្តបាត់ដំបង និង បានចូលជាធរមាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។តែក្នុងលិខិតនោះ លោកស្រីមិនបានពន្យល់ពីមូលហេតុនោះទេ។

តែយ៉ាងណា ការដកតំណែង និងលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីនេះ ធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីសម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ស្នើឱ្យពិនិត្យដកមន្រ្តី ក.ប.ប បាត់ដំបង ដែលកុហករឿងទុរេននាំចូល។សម្តេច ហ៊ុន សែន ថែមទាំងបានបង្ហាញការហួសចិត្តចំពោះមន្ត្រី ក.ប.ប ខេត្តបាត់ដំបង ដែលហ៊ានកុហស ខណៈករណីនេះ  វាពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។

សម្តេច ហ៊ុន សែន បានចាត់ទុក ការបញ្ចប់តំណែង និង លុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការនេះ គឺដើម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើ និង ប្រជាជន ដែលមិនគួរកើតមានតទៅទៀត។

គួរបញ្ជាក់ថា មន្រ្តី ក.ប.ប. ខេត្តបាត់ដំបង កាលពីថ្ងៃទី ២ ឧសភា បានចុះទៅទីតាំង អាជីវករលក់ទុរេន ចំនួន ៨ទីតាំង នៅផ្សារភូពុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយមានការលេចធ្លាយសារ បានលួចនាំចូលទុរេនពីថៃ។ក្នុងរបាយការណ៍ថា  ទុរេន លក់នៅផ្សារភូពុយ គឺមានប្រភពមកពី ខេត្តកំពង់ចាម។តែក្រោយមក ស្ត្រីអ្នកនាំចូលលក់បានសារភាពថា ជាទុរេន ដែលខ្លួនលួចនាំចូលពីប្រទេសថៃ តាមច្រកកាប៊ីន ក្នុងទម្ងន់ជា២ពាន់គីឡូ នាំចូលចំនួន៣ដង៕

Khcct banner

អត្ថបទទាក់ទង