ប៉េកាំង៖ ក្នុងកិច្ចពិភាក្សាកំពូលនៅសភាប្រជាជន នាថ្ងៃទី១៤ ខែឧសភានេះ លោកប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា «បញ្ហាតៃវ៉ាន់» គឺជាចំណុចស្នូល និងសំខាន់បំផុតនៅក្នុងទំនាក់ទំនងរវាងចិន និងសហរដ្ឋអាម៉េរិក។
យោងតាមការបញ្ជាក់របស់លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកប្រធានាធិបតី ស៊ី បានសង្កត់ធ្ងន់ថា ប្រសិនបើបញ្ហាតៃវ៉ាន់ត្រូវបានដោះស្រាយដោយប្រុងប្រយ័ត្ន និងត្រឹមត្រូវ នោះទំនាក់ទំនងរវាងមហាអំណាចទាំងពីរនឹងរក្សាបាននូវស្ថិរភាពជារួម។ បើមិនដូច្នេះទេ ប្រទេសទាំងពីរអាចនឹងជៀសមិនផុតពីការប៉ះទង្គិចគ្នា ឬឈានដល់ការផ្ទុះជម្លោះ ដែលនឹងរុញច្រានទំនាក់ទំនងទ្វេភាគីទាំងមូលឱ្យធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់បំផុត។
ក្នុងជំនួបនោះ លោក ស៊ី ជីនពីង បានប្រើប្រាស់ពាក្យស្លោកប្រៀបធៀបយ៉ាងធ្ងន់ៗថា៖«ឯករាជ្យភាពតៃវ៉ាន់ និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺជាអ្វីដែលមិនអាចចុះសម្រុងនឹងគ្នាបានឡើយ ប្រៀបដូចជា «ភ្លើង និងទឹក»។
ជាចុងក្រោយ លោកស៊ីបានរំលឹកថា ការរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺជាចំណុចរួមនៃផលប្រយោជន៍ដ៏ធំបំផុត ដែលសហរដ្ឋអាម៉េរិក និងចិនត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងយុគសម័យថ្មីនេះ។