ចិន៖ដូចការគ្រោងទុក លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានចូលជួបពិភាក្សាកំពូលជាមួយលោកប្រធានាធិបតីចិនចិន ស៊ី ជីនពីង នាថ្ងៃទី១៤ ខែឧសភានេះ នៅទីក្រុងប៉េកាំង។ ក្នុងឱកាសនោះ លោក ត្រាំ បានថ្លែងជាសាធារណៈនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះកិច្ចជំនួបនេះ ដោយលោកបានចាត់ទុកថា វាគឺជា «កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត»។នៅក្នុងកិច្ចសន្ទនាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង លោក ត្រាំ បានសង្កត់ធ្ងន់ថា៖«វាគឺជាកិត្តិយសណាស់ដែលបានមកកាន់ទីនេះ និងបានក្លាយជាមិត្តភក្តិរបស់លោក។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិន នឹងមានភាពរីកចម្រើន និងល្អប្រសើរជាងពេលណាៗទាំងអស់»។
ការថ្លែងបែបនេះ គឺជាសញ្ញាវិជ្ជមានយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការរវាងមហាអំណាចយក្សទាំងពីរ ឈានទៅរកដំណាក់កាលថ្មីមួយដ៏មានសារៈសំខាន់។
គួរជម្រាបថា កិច្ចប្រជុំកំពូលកម្រិតខ្ពស់រវាងលោកត្រាំជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៤ និង ១៥ ខែឧសភា។ មេដឹកនាំនៃមហាអំណាចទាំងពីរគ្រោងនឹងពិភាក្សាលើរបៀបវារៈសំខាន់ៗ និងក្តៅគគុកជាច្រើន រួមមាន៖វិបត្តិជម្លោះនៅប្រទេសអ៊ីរ៉ង់ និងបញ្ហាសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ ការវិវត្តនៃបញ្ញាសិប្បនិម្មិត (AI) និងយន្តការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងការពង្រីកកិច្ចព្រមព្រៀងលើវិស័យធនធានរ៉ែសំខាន់ៗ។