អាស៊ី៖ ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា បានរាយការណ៍ថា វិវាទព្រំដែន និងការបិទច្រកព្រំដែនកម្ពុជា-ថៃក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មតាមព្រំដែនគោកធ្លាក់ចុះប្រមាណ ១៨០ ពាន់លានបាត(ប្រហែលជាង៥ពាន់លានដុល្លារ)ដោយវិបត្តិព្រំដែននេះបានបង្ខំឱ្យអាជីវកម្មតាមព្រំដែនជិត ៣០% បិទទ្វារ និងប៉ះពាល់ដល់ការវិនិយោគរបស់ថៃនៅកម្ពុជា ដែលមានតម្លៃរាប់ពាន់លានដុល្លារ។
ថ្លែងប្រាប់កាសែតថៃ The Nation លោក Voratat Tantimongkolsuk ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា បានព្រមានថា ស្ថានភាពតានតឹងនេះ បូករួមនឹងចរន្តប្រឆាំងទំនិញថៃនៅកម្ពុជា បានក្លាយជា «ឱកាសមាស»សម្រាប់ប្រទេសវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ក្នុងការបង្កើនចំណែកទីផ្សារជំនួសកន្លែងទំនិញថៃយ៉ាងគំហុក។
លោក Voratat បានសង្កត់ធ្ងន់ពីតួលេខគួរឱ្យកត់សម្គាល់ថា៖ «ទំហំពាណិជ្ជកម្មរបស់សិង្ហបុរីជាមួយកម្ពុជាបានកើនឡើងជាង ២០០% វៀតណាមកើនឡើងជាង ២០% និងម៉ាឡេស៊ីកើនឡើងប្រហែល ៣០-៤០%»។ លោកបានបន្ថែមថា៖ «នៅពេលកម្ពុជា និងថៃនៅបន្តមានវិវាទ អ្នកដទៃនឹងចូលមកដណ្តើមទីផ្សារជំនួស។ កត្តាដែលធ្វើឱ្យទំនិញថៃចាញ់ប្រៀបគូប្រជែង មិនមែនមានតែរឿងថ្លៃដឹកជញ្ជូននោះទេ ប៉ុន្តែក៏ដោយសារចរន្តប្រឆាំងទំនិញថៃ ដែលធ្វើឱ្យការបញ្ជាទិញបន្តធ្លាក់ចុះ។
លោកបានគូសបញ្ជាក់ថា ដើម្បីទប់ស្កាត់ការខូចខាតឱ្យកាន់តែធ្ងន់ធ្ងរ ប្រទេសទាំងពីរចាំបាច់ត្រូវប្រញាប់ស្តារការចរចា និងរកចំណុចសម្រុះសម្រួល ដើម្បីស្តារទំនុកចិត្តវិនិយោគិនឡើងវិញ មុនពេលសម្ពាធសង្គម និងនយោបាយធ្វើឱ្យបញ្ហានេះកាន់តែពិបាកដោះស្រាយ៕