ម៉ានីល៖ អតីតស្នងការនគរបាលជាតិ និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីនបច្ចុប្បន្ន លោក Ronald Dela Rosa កាលពីថ្ងៃទី ១២ ខែឧសភា បានប្រកាសជំហរមិនចុះចាញ់តុលាការអន្តរជាតិឡើយ ខណៈកំពុងសុំកិច្ចអន្តរាគមន៍ពីប្រធានាធិបតី លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) ជុំវិញដីកាចាប់ខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។នេះបើតាមការចេញផ្សាយរបស់កាសែតCNA។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពាក់ព័ន្ធនឹងតួនាទីក្នុង «សង្គ្រាមប្រឆាំងគ្រឿងញៀន» ចន្លោះឆ្នាំ ២០១១ ដល់ ២០១៩ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូធើតេ ដែលបានបណ្តាលឱ្យមនុស្សចន្លោះពី ១០,០០០ ទៅ ៣០,០០០ នាក់ត្រូវបានសម្លាប់។
នាពេលនេះ លោក Dela Rosa កំពុងសម្ងំខ្លួននៅក្នុងវិមានព្រឹទ្ធសភា ដើម្បីគេចចេញពីការចាប់ខ្លួន។ លោកបានថ្លែងប្រាប់អ្នកយកព័ត៌មាន ស្របពេលមានប៉ូលិសប្រឆាំងកុបកម្មជាង ១០០ នាក់កំពុងយាមកាមនៅខាងក្រៅថា៖ «ខ្ញុំសង្ឃឹមថា លោក ម៉ាកូស នឹងមិនបញ្ជូនខ្ញុំទៅកាន់ទីក្រុងឡាអេ (The Hague) ឡើយ ប៉ុន្តែសូមបញ្ជូនខ្ញុំទៅកាន់តុលាការណាមួយក្នុងប្រទេសហ្វីលីពីនវិញ»។
បច្ចុប្បន្ន លោក ឌូធើតេ កំពុងត្រូវបានឃុំខ្លួននៅមណ្ឌលឃុំឃាំងរបស់ ICC នាពន្ធនាគារ Scheveningen ប្រទេសហូឡង់ ដើម្បីរង់ចាំការកាត់ទោស។ ដោយឡែក រដ្ឋាភិបាលលោក ម៉ាកូស បានបង្ហាញជំហរមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ព្រឹទ្ធសភាឡើយ ខណៈក្រុមមេធាវីរបស់លោក Dela Rosa កំពុងស្វែងរកកិច្ចការពារតាមផ្លូវច្បាប់ពីតុលាការកំពូល ដើម្បីទប់ទល់នឹងដីកាចាប់ខ្លួនអន្តរជាតិនេះ។
គួរបញ្ជាក់ថា ICC បានរកឃើញភស្តុតាង និងមូលដ្ឋានសមហេតុផលដែលជឿថា លោក Dela Rosa ក្នុងនាមជាអតីតស្នងការនគរបាលក្រុង Davao និងជាអគ្គស្នងការនគរបាលជាតិហ្វីលីពីន ត្រូវទទួលខុសត្រូវលើឧក្រិដ្ឋកម្មមនុស្សឃាត ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ (តាមមាត្រា ៧(១)(ក) នៃលក្ខន្តិកៈទីក្រុងរ៉ូម) តាមរយៈការចូលរួមក្នុងផែនការរួមចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១១ ដល់ខែមីនា ឆ្នាំ ២០១៩ ដែលបានសម្លាប់ជនរងគ្រោះជាច្រើននាក់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនដ៏បង្ហូរឈាមនោះ។