681 ezgif.com resize
Swift cc time

សមាគមយានយន្តថៃចំនួន ១០ ជំរុញឱ្យរដ្ឋាភិបាលដំឡើងពន្ធនាំចូលរថយន្តអគ្គិសនីដល់ ៣២% ដើម្បីសង្គ្រោះឡានសាំងក្នុងស្រុក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ ក្រុមសម្ព័ន្ធសមាគមយានយន្តចំនួន ១០ ដែលតំណាងឱ្យប្រតិបត្តិករជាង ១,៥០០ ក្រុមហ៊ុន គ្រោងនឹងដាក់សំណើបន្ទាន់ជូនរដ្ឋាភិបាលថៃនៅថ្ងៃទី ១៤ ខែឧសភាខាងមុខនេះ ដើម្បីស្នើសុំដំឡើងពន្ធអាករលើរថយន្តអគ្គិសនី (EV) នាំចូលទាំងស្រុង (CBU) ឱ្យឡើងដល់កម្រិតយ៉ាងតិច ៣២%។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានការប្រើប្រាស់ឡានអគ្គិសនីកាន់តែច្រើនឡើង ហើយក្រុមអ្នកលក់ឡានប្រើសាំង និងម៉ាស៊ូតកំពុងតែកកស្ទះក្នុងការលក់ចេញឡានរបស់ខ្លួន។

យោងតាមសារព័ត៌មានថៃ The Nation ការដាក់ចេញនូវវិធានការនេះ ធ្វើឡើងក្នុងគោលបំណងការពារខ្សែច្រវាក់ផលិតកម្ម និងអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ក្នុងស្រុក ពីការវាយលុកនៃរថយន្តអគ្គិសនីតម្លៃថោកនាំចូលពីបរទេស ជាពិសេសពីប្រទេសចិន។ តាមការបញ្ជាក់ពីក្រុមសម្ព័ន្ធ ការផលិតរថយន្តនៅក្នុងប្រទេសថៃបច្ចុប្បន្នមានថ្លៃដើមខ្ពស់ជាងការនាំចូលពីចិនចន្លោះពី ៣០% ទៅ ៤០% ដែលជាកត្តាធ្វើឱ្យផលិតករក្នុងស្រុកបាត់បង់សមត្ថភាពប្រកួតប្រជែង។

ក្រៅពីការស្នើសុំដំឡើងពន្ធ ក្រុមសម្ព័ន្ធសមាគមបានដាក់ចេញនូវវិធានការសំខាន់ៗបន្ថែម រួមមាន៖ ការកំណត់កូតានាំចូល ដោយផ្សារភ្ជាប់ចំនួនរថយន្តនាំចូល ទៅនឹងបរិមាណដែលក្រុមហ៊ុនបានផលិតជាក់ស្តែងនៅក្នុងស្រុក និងការពង្រឹងការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក (Local Content)ដោយ តម្រូវឱ្យមានការប្រើប្រាស់គ្រឿងបន្លាស់ផលិតក្នុងស្រុកឱ្យបានយ៉ាងតិច ៨០% នៃតម្លៃយានយន្តសរុប។

វិធានការទាំងនេះ ត្រូវបានចាត់ទុកថាជាកិច្ចអន្តរាគមន៍ចាំបាច់ ដើម្បីទប់ស្កាត់ការដួលរលំនៃវិស័យយានយន្តថៃ ចំពេលដែលពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងរហ័សទៅរកការប្រើប្រាស់ថាមពលអគ្គិសនី ហើយការប្រកួតប្រជែងតម្លៃកំពុងមានភាពស្រួចស្រាវខ្លាំង៕

Khcct banner

អត្ថបទទាក់ទង