681 ezgif.com resize
Swift cc time

មនុស្ស ១៤ នាក់បាត់ខ្លួន ក្នុងហេតុការណ៍លិចទូក នៅតំបន់កោះម៉ាឡេស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

កូឡាឡាំពួរ៖ អាជ្ញាធរដែនសមុទ្រម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែឧសភា បានឱ្យដឹងថា ទូកមួយគ្រឿងដែលដឹកអ្នកចំណាកស្រុកខុសច្បាប់ចំនួន ៣៧ នាក់ មកពីប្រទេសឥណ្ឌូនេស៊ី បានជួបគ្រោះថ្នាក់លិចនៅក្បែរកោះ Pangkor នាឆ្នេរភាគខាងលិចនៃប្រទេសម៉ាឡេស៊ី ដែលបណ្តាលឱ្យមនុស្សចំនួន ១៤ នាក់កំពុងបន្តបាត់ខ្លួន។

ថ្លែងប្រាប់សារព័ត៌មាន CNA ទីភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រម៉ាឡេស៊ី (MMEA) ប្រចាំរដ្ឋ Perak បានបញ្ជាក់ថា ខ្លួនទទួលបានព័ត៌មានកាលពីព្រឹកថ្ងៃចន្ទ ពីអ្នកនេសាទក្នុងស្រុកម្នាក់ ដែលបានប្រទះឃើញអ្នករស់រានមានជីវិតកំពុងអណ្តែតលើផ្ទៃសមុទ្រ។

លោក Mohamad Shukri Khotob នាយកទីភ្នាក់ងារ MMEA ប្រចាំរដ្ឋ Perak បានលើកឡើងថា ក្នុងចំណោមអ្នកចំណាកស្រុកសរុប ៣៧ នាក់ មានជនរងគ្រោះចំនួន ២៣ នាក់ត្រូវបានជួយសង្គ្រោះ ខណៈអាជ្ញាធរកំពុងបន្តយុទ្ធនាការស្វែងរកអ្នកដែលបាត់ខ្លួននៅឡើយ។ លោកបានរៀបរាប់ថា៖ «អ្នកចំណាកស្រុកទាំងនេះ បានចាកចេញពីតំបន់ Kisaran ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ៩ ខែឧសភា ដើម្បីឆ្ពោះទៅកាន់គោលដៅនានាក្នុងប្រទេសម៉ាឡេស៊ី រួមមានរដ្ឋ ប៉េណាំង, ត្រេងហ្គានូ, សេឡង់ហ្គ័រ និងទីក្រុងកូឡាឡាំពួរ»។

មកទល់ពេលនេះ អាជ្ញាធរម៉ាឡេស៊ី បានដាក់ពង្រាយទូក ឧទ្ធម្ភាគចក្រ និងយន្តហោះស៊ើបការណ៍ ដើម្បីពន្លឿនការស្វែងរក។ ចំណែកអ្នកដែលត្រូវបានជួយសង្គ្រោះ ត្រូវបានបញ្ជូនទៅឱ្យប៉ូលិសដើម្បីធ្វើការស៊ើបអង្កេតបន្ថែមតាមនីតិវិធី។

គួរជម្រាបថា ប្រទេសម៉ាឡេស៊ី គឺជាគោលដៅដ៏សំខាន់សម្រាប់អ្នកចំណាកស្រុករាប់លាននាក់មកពីតំបន់ក្រីក្រក្នុងអាស៊ី ដែលភាគច្រើនគ្មានឯកសារច្បាប់ត្រឹមត្រូវ និងបម្រើការងារក្នុងវិស័យសំណង់ និងកសិកម្ម។ ការធ្វើដំណើរតាមសមុទ្រដែលសម្របសម្រួលដោយក្រុមជួញដូរមនុស្ស តែងតែប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ និងបង្កឱ្យមានហេតុការណ៍លិចទូកជាញឹកញាប់។

ជាក់ស្តែង កាលពីខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ហេតុការណ៍ដ៏សាហាវមួយបានកើតឡើង ដោយបានសម្លាប់អ្នកចំណាកស្រុកចំនួន ៣៦ នាក់ បន្ទាប់ពីទូករបស់ពួកគេបានលិចនៅក្បែរឆ្នេរសមុទ្រថៃ-ម៉ាឡេស៊ី។

Khcct banner

អត្ថបទទាក់ទង