បាត់ដំបង៖ សមត្ថកិច្ចស្រុកមោងឫស្សី ខេត្តបាត់ដំបង បានចុះទៅត្រួតពិនិត្យ និងបានរកឃើញគ្រាប់យុទ្ធភ័ណ្ឌចំនួន ០៦ គ្រាប់ នៅក្នុងដីស្រែ ខាងជើងផ្លូវជាតិលេខ ៥ ចម្ងាយ ១០ម៉ែត្រ ក្រោយមានប្រជាពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ហើយបានរាយការណ៍ជូនសមត្ថកិច្ច។
ក្រោយទទួលបានដំណឹងពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ផាត់ ធា ភេទប្រុស អាយុ ៥៨ ឆ្នាំ កម្លាំងសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យដល់ទីតាំងកើតហេតុ និងបានរកឃើញគ្រាប់យុទ្ធភ័ណ្ឌប្រភេទ ៦០ មីលីម៉ែត្រ (ផលិតនៅប្រទេសចិន) ចំនួន ០៦ គ្រាប់។ ដើម្បីសុវត្ថិភាព សមត្ថកិច្ចបានធ្វើការចងខ្សែហ៊ុមព័ទ្ធ និងដាក់ស្លាកសញ្ញាសម្គាល់ រួចរាយការណ៍ បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីយកទៅកម្ទេចចោលតាមបច្ចេកទេស។
ទន្ទឹមនឹងនេះ នគរបាលស្រុកមោងឫស្សី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋានទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬសំណល់ជាតិផ្ទុះផ្សេងៗ។ ប្រសិនបើប្រទះឃើញ សូមកុំប៉ះពាល់ ឬដំលេងឱ្យសោះ ហើយត្រូវរាយការណ៍ជាបន្ទាន់ ជូនសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជៀសវាងការកើតមានគ្រោះថ្នាក់ជាយថាហេតុ៕