អាម៉េរិក-ចិន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចាកចេញពីសហរដ្ឋអាម៉េរិកកាលពីថ្ងៃអង្គារ ម្សិលមិញនេះ ហើយត្រូវបានរំពឹងថានឹងមកដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធ ទី១៣ ខែឧសភានេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលកម្រិតខ្ពស់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៤ និង ១៥ ខែឧសភា។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួរ (Xinhua) មេដឹកនាំនៃមហាអំណាចទាំងពីរគ្រោងនឹងពិភាក្សាលើរបៀបវារៈសំខាន់ៗ និងក្តៅគគុកជាច្រើន រួមមាន៖វិបត្តិជម្លោះនៅប្រទេសអ៊ីរ៉ង់ និងបញ្ហាសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ ការវិវត្តនៃបញ្ញាសិប្បនិម្មិត (AI) និងយន្តការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងការពង្រីកកិច្ចព្រមព្រៀងលើវិស័យធនធានរ៉ែសំខាន់ៗ។
ទស្សនកិច្ចនាពេលនេះ ត្រូវបានមជ្ឈដ្ឋានអន្តរជាតិមើលឃើញថាជាការសាកល្បងដ៏សំខាន់មួយ ដើម្បីបញ្ជាក់ថា តើប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរក្នុងលោក អាចគ្រប់គ្រងការប្រកួតប្រជែងរបស់ខ្លួន ដើម្បីចៀសវាងការបង្កអស្ថិរភាពដល់សកលលោកបានដែរឬយ៉ាងណា ខណៈដែលមេដឹកនាំទាំងពីរជួបមុខគ្នាជាថ្មីនាសប្ដាហ៍នេះ។
គួរបញ្ជាក់ផងដែរថា នេះគឺជាជំនួបផ្ទាល់លើកទីពីរហើយរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង ចាប់តាំងពីលោក ត្រាំ បានវិលត្រឡប់មកកាន់តំណែងនៅសេតវិមានវិញ បន្ទាប់ពីជំនួបលើកដំបូងកាលពីខែតុលា ឆ្នាំ២០២៥ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។