ភ្នំពេញ៖ ក្នុងបរិបទដែលសិស្សានុសិស្សថ្នាក់វិទ្យាល័យជាច្រើនកំពុងស្ថិតនៅចំណុចសំខាន់នៃការសម្រេចចិត្តបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ការជ្រើសរើសជំនាញឲ្យត្រឹមត្រូវ និងសមស្របទៅនឹងសមត្ថភាព ចំណង់ចំណូលចិត្ត និងគោលដៅអាជីព កំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់យុវជនជាច្រើន។ ដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ និងផ្តល់ការណែនាំប្រកបដោយប្រសិទ្ធភាពដល់សិស្សានុសិស្ស សាកលវិទ្យាល័យ ទួនហ្វា បានរៀបចំ “កម្មវិធីតម្រង់ទិសអំពីការជ្រើសរើសជំនាញ និងការសិក្សានៅសាកលវិទ្យាល័យ” នៅតាមវិទ្យាល័យជាច្រើនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។
ក្នុងរយៈពេលថ្មីៗនេះ កម្មវិធីនេះត្រូវបានរៀបចំដោយជោគជ័យនៅ វិទ្យាល័យ ជា ស៊ីម សាមគ្គី កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់មកនៅ វិទ្យាល័យ បាក់ទូក នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ និងបន្តនៅ វិទ្យាល័យ ព្រះស៊ីសុវត្ថិ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។ ជាបន្តបន្ទាប់ កម្មវិធីនេះបានធ្វើឡើងនៅ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការចាប់អារម្មណ៍ និងការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្សជាច្រើន។
សម្រាប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ទួនហ្វា គ្រោងនឹងបន្តរៀបចំកម្មវិធីនេះនៅ វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី ហើយនឹងបន្តទៅកាន់វិទ្យាល័យជាច្រើនផ្សេងទៀតក្នុងអំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ដើម្បីឱ្យសិស្សានុសិស្សកាន់តែច្រើនទទួលបានឱកាសក្នុងការស្វែងយល់ និងត្រៀមខ្លួនសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា។
កម្មវិធីតម្រង់ទិសនេះ មានគោលបំណងសំខាន់ក្នុងការផ្តល់ព័ត៌មាន និងការយល់ដឹងជាក់ស្តែងអំពីជីវិតសិក្សានៅសាកលវិទ្យាល័យ ព្រមទាំងជួយសិស្សឲ្យស្វែងយល់ពីសមត្ថភាព ចំណាប់អារម្មណ៍ និងទិសដៅអាជីពរបស់ខ្លួន ដើម្បីអាចជ្រើសរើសជំនាញបានត្រឹមត្រូវ និងសមស្របបំផុត។ លើសពីនេះ សាកលវិទ្យាល័យក៏បានបង្ហាញអំពីជំនាញសិក្សាផ្សេងៗ ឱកាសការងារនាពេលអនាគត ព័ត៌មានអាហារូបករណ៍ កម្មវិធីសិក្សា និងលក្ខខណ្ឌចូលរៀនផងដែរ។
បរិយាកាសក្នុងកម្មវិធីពោរពេញដោយភាពរស់រវើក និងការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្ស តាមរយៈវគ្គធ្វើបទបង្ហាញ ការចែករំលែកបទពិសោធពីតំណាងសាកលវិទ្យាល័យ ការសួរសំណួរឆ្លើយយករង្វាន់ និងសកម្មភាពកម្សាន្តជាច្រើន ដែលបានជួយបង្កើនការយល់ដឹង និងលើកទឹកចិត្តឲ្យសិស្សមានទំនុកចិត្តក្នុងការរៀបចំផែនការអនាគតរបស់ខ្លួន។
អ្នកចូលរួមក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមានការណែនាំអំពីការសិក្សានៅសាកលវិទ្យាល័យ ទួនហ្វា គន្លឹះសំខាន់ៗក្នុងការជ្រើសរើសជំនាញឱ្យសមស្រប ព័ត៌មានអាហារូបករណ៍ជាច្រើន ព្រមទាំងឱកាសក្នុងការប្រឹក្សាផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យ។
តាមរយៈកម្មវិធីនេះ សាកលវិទ្យាល័យ ទួនហ្វា បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងគាំទ្រយុវជនកម្ពុជាឱ្យមានការត្រៀមខ្លួនប្រកបដោយទំនុកចិត្តសម្រាប់អនាគតការសិក្សា និងអាជីព។
ជាមួយគ្នានេះ សាកលវិទ្យាល័យ ទួនហ្វា ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ កុំឱ្យឱកាសដ៏មានតម្លៃនេះកន្លងផុតទៅ និងអញ្ជើញចូលរួមកម្មវិធីជាមួយមិត្តភក្តិឱ្យបានច្រើន ដើម្បីទទួលបានបទពិសោធថ្មីៗ និងរៀបចំផ្លូវឆ្ពោះទៅរកភាពជោគជ័យក្នុងអនាគត។