681 ezgif.com resize
Swift cc time

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ លោក Flavio Bonetti ក៏បានជម្រាបជូនសម្ដេច ហ៊ុន ម៉ាណែត អំពីការរួមចំណែករបស់យូណេស្កូ ក្នុងការផ្ដល់អ្នកជំនាញ និងការកៀរគរមូលនិធិពីសហគមន៍អន្តរជាតិ ដើម្បីគាំទ្រការគ្រប់គ្រង និងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ដែលនេះជាអាទិភាពចម្បងរបស់អង្គការយូណេស្កូ។

លោក Flavio Bonetti ថ្លែងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ។

ក្នុងឱកាសនៃជំនួបនេះ លោក Flavio Bonetti បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់អង្គការយូណេស្កូ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ នាពេលកន្លងមក។ លោក Flavio Bonetti បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាល និងអង្គការយូណេស្កូ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា។

លោក Flavio Bonetti បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ លោក Flavio Bonetti ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីការរួមចំណែករបស់យូណេស្កូ ក្នុងការផ្ដល់អ្នកជំនាញ និងការកៀរគរមូលនិធិពីសហគមន៍អន្តរជាតិ ដើម្បីគាំទ្រការគ្រប់គ្រង និងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ដែលនេះជាអាទិភាពចម្បងរបស់អង្គការយូណេស្កូ ។ បន្ថែមលើនេះ លោក Flavio Bonetti បានសង្កត់ធ្ងន់ពីការបន្តភាពជាដៃគូយូរអង្វែងជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសការរៀបចំគោលនយោបាយអប់រំ ការពង្រឹងគុណភាពគ្រូបង្រៀន និងកម្មវិធីសិក្សា សំដៅចូលរួមចំណែកដល់ការកសាងមូលធនមនុស្ស នៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា ការអភិរក្សបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា និងយុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃមហាសាលសម្រាប់មនុស្សជាតិទូទាំងសកលលោកផងដែរ។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានលើកឡើងបន្ថែមថា ការអភិរក្សបេតិកភណ្ឌវប្បធម៌នៅតែជាអាទិភាពដ៏សំខាន់របស់កម្ពុជា ហើយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ បាននិងកំពុងជំរុញបន្ថែមទៀត ការរៀបចំឯកសារ ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាច្រើនទៀតរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ។

មុននឹងបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តដល់អង្គការយូណេស្កូ ឱ្យបន្តពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ និងដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល៕

Khcct banner

អត្ថបទទាក់ទង