សៀមរាប៖ យុវជនស្ម័គ្រចិត្តទាំង ២៥ រាជធានី-ខេត្ត ជាង ៧០០នាក់ កំពុងចូលរួមវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិក្នុង កម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២៦» ។ វគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប។
យោងតាមគេហទំព័រក្រសួងអប់រំ ការបើកកម្មវិធីនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ មានការចូលរួមក្រោមអធិបតីភាព លោក សេរី ជំនះ រដ្ឋលេខាធិការនៃក្រសួងអប់រំ ព្រមទាំងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន នាយកដ្ឋានពាក់ព័ន្ធ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត គ្រូបង្គោល ដៃគូអភិវឌ្ឍ ក្រុមការងារស្នូលនៃកម្មវិធី អ្នកស្ម័គ្រចិត្តបង្គោល និងយុវជនស្ម័គ្រចិត្តទាំង ២៥ រាជធានី-ខេត្ត ព្រមទាំងយុវជនស្ម័គ្រចិត្តមកពីស្រុកកងមាស ខេត្តកំពង់ចាម សរុបជាង ៧០០ នាក់។
រដ្ឋលេខាធិការនៃក្រសួងអប់រំ លោក សេរី ជំនះ បានថ្លែងថា៖ «ការងារស្ម័គ្រចិត្តមិនត្រូវចាត់ទុកថាជាការងារសម្រាប់មនុស្សដែលទំនេរគ្មានការងារធ្វើនោះឡើយ ប៉ុន្តែជារឿងរបស់មនុស្សដែលចេះចាត់ចែងពេលវេលាដ៏មានតម្លៃរបស់គេ ដើម្បីផ្ដល់ក្ដីស្រឡាញ់ដល់សហគមន៍ និងសង្គមជាតិ។ ចំណែកឯទឹកចិត្តអ្នកស្ម័គ្រចិត្ត គឺមិនអាចកាត់ថ្លៃបានឡើយ។ ការលះបង់ពេលវេលា និងកម្លាំងកាយចិត្តដើម្បីសហគមន៍ គឺជាអំពើដ៏ឧត្តុង្គឧត្តមបំផុត។» លោកបានបញ្ជាក់បន្ថែមទៀតថា ការងារស្ម័គ្រចិត្ត គឺជាចលនាដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គមជាតិ ដែលត្រូវបានមហាសន្និបាតនៃអង្គការសហប្រជាជាតិ អនុម័តនៅឆ្នាំ១៩៨៥ ដោយកំណត់យកថ្ងៃទី០៥ ខែធ្នូ ដើម្បីប្រារព្ធ «ទិវាអ្នកស្ម័គ្រចិត្តអន្តរជាតិ» ជារៀងរាល់ឆ្នាំ។ គុណតម្លៃមហាសាលនៃការងារស្ម័គ្រចិត្តគឺស្ថិតនៅត្រង់ «ការផ្ដល់ឱ្យដោយមិនរំពឹងផលតបស្នងជាប្រាក់កាស ប៉ុន្តែទទួលបានមកវិញនូវការផ្លាស់ប្ដូរជីវិតបុគ្គលស្ម័គ្រចិត្ត និងសង្គមឱ្យកាន់តែប្រសើរ»។
កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឬហៅកាត់ថា (ស.ស.ខ) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩។ ចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់ឆ្នាំ២០២៥ កម្មវិធីនេះបានពង្រីកការអនុវត្តនៅទូទាំង ២៥ រាជធានី-ខេត្ត ដោយរយៈពេល ៧ ឆ្នាំកន្លងមក កម្មវិធីបានបណ្ដុះបណ្ដាលយុវជនស្ម័គ្រចិត្តចំនួន ៣,១៩០ នាក់ និងបានអនុវត្តគម្រោងសហគមន៍ចំនួន ៥៣៨ គម្រោង។ ក្នុងឆ្នាំ២០២៦ នេះ កម្មវិធីស.ស.ខ មានអ្នកស្ម័គ្រចិត្តបង្គោលរាជធានី-ខេត្តចំនួន ១១៥ នាក់ និងយុវជនស្ម័គ្រចិត្តសរុបចំនួន ៦២៩ នាក់៕