វ៉ាស៊ីនតោន៖ ជាងប្រាំខែបន្ទាប់ពីប្រតិបត្តិការយោធាចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃ ១១ ឧសភា បានអះអាងថា រដ្ឋបាលរបស់លោកកំពុងពិចារណាយ៉ាងហ្មត់ចត់ក្នុងការបញ្ចូលប្រទេសដែលសម្បូរទៅដោយប្រេងមួយនេះ ជា «រដ្ឋទី៥១» នៅក្នុងដែនដីរបស់ខ្លួន។ នេះបើយោងតាមការបញ្ជាក់របស់លោកប្រធានាធិបតីបានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មាន Fox News លោក John Roberts។
បើតាមលោកស្រី Olivia Whales ជំនួយការលេខាធិការសារព័ត៌មានសេតវិមាន បានលើកឡើងថា៖ «ទំនាក់ទំនងរវាងវេណេស៊ុយអេឡា និងសហរដ្ឋអាម៉េរិកមានភាពល្អប្រសើរខ្លាំង។ ប្រេងកំពុងចាប់ផ្តើមហូរចេញ ហើយទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ នឹងជួយដល់ប្រជាជនវេណេស៊ុយអេឡាក្នុងពេលឆាប់ៗនេះ។
ជាការឆ្លើយតបជាមួយការលើកឡើងរបស់លោកត្រាំ ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodríguez) បានចេញមុខទាត់ចោលគំនិតនេះភ្លាមៗ លោកស្រី Rodríguez បានថ្លែងនៅឯតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេថាយើងនឹងបន្តការពារភាពសុចរិត អធិបតេយ្យភាព ឯករាជ្យភាព និងប្រវត្តិសាស្ត្ររបស់យើង» ហើយវេណេស៊ុយអេឡាមិនមែនជាអាណានិគមប្រទេសណាមួយឡើយ។
គួរបញ្ជាក់ថា ចាប់តាំងពីការចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយាគឺលោកស្រី ស៊ីលីយ៉ា ផ្ល័រេស (Cilia Flores) រដ្ឋបាលលោក ត្រាំ បានបង្ហាញចេតនាក្នុងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់វេណេស៊ុយអេឡា យ៉ាងហោចណាស់ក៏ក្នុងរយៈពេលបណ្តោះអាសន្ន ដើម្បីធានាស្ថិរភាពមុនការផ្ទេរអំណាច។ លោក ត្រាំ ក៏បានពឹងផ្អែកលើលោកស្រី រ៉ូឌ្រីហ្គេស ដែលជាអតីតអនុប្រធានាធិបតី ដើម្បីជួយសម្របសម្រួលឱ្យក្រុមហ៊ុនអាម៉េរិកអាចចូលទៅកាន់ប្រភពបម្រុងប្រេងដ៏មហិមារបស់ប្រទេសសមាជិក OPEC មួយនេះ។
តាមរដ្ឋធម្មនុញ្ញសហរដ្ឋអាម៉េរិក លោក ត្រាំ មិនអាចប្រកាសបញ្ចូលវេណេស៊ុយអេឡាជា «រដ្ឋទី៥១» ដោយឯកតោភាគីបានឡើយ។ មាត្រា ៤ នៃរដ្ឋធម្មនុញ្ញបានចែងថា ការបង្កើតរដ្ឋថ្មី ឬការដាក់បញ្ចូលរដ្ឋណាមួយចូលក្នុងសហភាព ត្រូវតែមានការយល់ព្រមពីសភាអាម៉េរិក (Congress) និងមានការយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិនៃរដ្ឋ ឬប្រទេសដែលពាក់ព័ន្ធជាមុនសិន៕