ហ្សឺណេវ៖ របាយការណ៍ថ្មីមួយរបស់អង្គការការងារអន្តរជាតិ (ILO) បានព្រមានថា លក្ខខណ្ឌការងារដែលមិនល្អ (Toxic workplace) រួមមានការធ្វើការងារច្រើនម៉ោងហួសកម្រិត សម្ពាធឥតឈប់ឈរ និងការបៀតបៀន បានបង្កឱ្យមានមនុស្សស្លាប់ជាង ៨៤០,០០០ នាក់ នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ។ មរណភាពទាំងនេះ កើតឡើងដោយសារកត្តាការងារបានជំរុញឱ្យមានវិបត្តិសុខភាពបេះដូង និងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express។
របាយការណ៍បានគូសបញ្ជាក់ថា កត្តាហានិភ័យផ្លូវចិត្ត-សង្គម (Psychosocial risk factors) នៅក្នុងមជ្ឈដ្ឋានការងារ និងគោលនយោបាយការងារ គឺជាមូលហេតុចម្បងដែលនាំឱ្យបាត់បង់ឆ្នាំនៃជីវិតដែលមានសុខភាពល្អ (DALYs) ជិត ៤៥ លានឆ្នាំ ជារៀងរាល់ឆ្នាំ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់អាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានការខាតបង់សេដ្ឋកិច្ចសកលប្រមាណ ១.៣៧% នៃផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោកទៀតផង។
លោកស្រី Yuka Ujita អ្នកជំនាញជាន់ខ្ពស់របស់អង្គការ ILO បានកត់សម្គាល់ថា ទោះបីជាបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងណាក្តី ក៏វាកំពុងបង្កើតឱ្យមាន «ភាពតានតឹងផ្នែកបច្ចេកវិទ្យា» (Technostress) ផងដែរ។ កត្តានេះរួមមាន អសន្តិសុខការងារ និងការបាត់បង់តុល្យភាពរវាងជីវិតផ្ទាល់ខ្លួននិងការងារ ដោយសារការតាមដានការងារហួសហេតុ និងការរំពឹងទុកឱ្យបុគ្គលិកឆ្លើយតបការងារគ្រប់ពេលវេលា។
ជាចុងក្រោយ លោកស្រី Manal Azzi ប្រធានក្រុមគោលនយោបាយសុខភាព និងសុវត្ថិភាពការងារនៃអង្គការ ILO បានសង្កត់ធ្ងន់ថា៖ «ការកែលម្អបរិយាកាសការងារផ្នែកផ្លូវចិត្ត-សង្គម មិនត្រឹមតែមានសារៈសំខាន់សម្រាប់ការការពារសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគន្លឹះក្នុងពង្រឹងផលិតភាព ប្រសិទ្ធភាពស្ថាប័ន និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕