681 ezgif.com resize
Swift cc time

រដ្ឋសភាជាតិកម្ពុជា បើកសម័យប្រជុំ ដើម្បីពិនិត្យអនុម័តច្បាប់ "កាតព្វកិច្ចយោធា" និងការធានាទូទាត់"ថាមពលអគ្គិសនី"ពីវៀតណាម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ដូចការគ្រោងទុក រដ្ឋសភាជាតិកម្ពុជា នៅព្រឹកថ្ងៃទី១២ឧសភានេះ បានបើកសម័យប្រជុំ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីពិនិត្យអនុម័តច្បាប់ "កាតព្វកិច្ចយោធា" និងការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការទិញ"ថាមពលអគ្គិសនី"ពីវៀតណាម។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋសភា បញ្ជាក់ថាសេចក្តីព្រាងច្បាប់ដែលត្រូវដាក់ឆ្លងក្នុងសម័យប្រជុំវិសាមញ្ញនោះ រួមមាន៖ ទី១. សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា និង ទី២. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលជូនក្រុមហ៊ុនអគ្គិសនីវៀតណាម ។

មុនឈានដល់ការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពេញអង្គនេះ អន្តរគណៈកម្មការជំនាញរដ្ឋសភាបានធ្វើការយ៉ាងម៉ត់ចត់ជាមួយតំណាងរាជរដ្ឋាភិបាល។ កាលពីថ្ងៃទី៤ ខែឧសភា កន្លងទៅ អន្តរគណៈកម្មការរដ្ឋសភា ដឹកនាំដោយ លោក កែប ជុតិមា ប្រធានគណៈកម្មការទី៤ បានពិភាក្សាលម្អិតជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ទន្ទឹមនឹងវិស័យការពារជាតិ វិស័យថាមពលក៏ជាអាទិភាពចម្បងផងដែរ។ កាលពីថ្ងៃទី៦ ខែឧសភាគណៈកម្មការទី២ និងទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោក ឈាង វុន និង លោកស្រី និន សាផុន បានជួបពិភាក្សាជាមួយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើសេចក្តីព្រាងច្បាប់ធានាទូទាត់ជូនក្រុមហ៊ុនអគ្គិសនីវៀតណាម។

ជារួម រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេច ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន ម៉ាណែត ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីធ្វើឱ្យច្បាប់ទាំងពីរនេះមានគុណភាព និងប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់បម្រើផលប្រយោជន៍ជាតិ និងប្រជាជន។

ដើម្បីធានាឱ្យកិច្ចដំណើរការកិច្ចប្រជុំវិសាមញ្ញខាងមុខប្រព្រឹត្តទៅដោយរលូន គណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានអនុម័តសមាសភាពលេខាធិការចំនួន ៣ រូប រួមមាន៖ លោក ឃុត ចាន់ដារ៉ា, លោក ម៉ាត់ សេត និងលោក សេង ញ៉ក់ ផងដែរ៕

Khcct banner

អត្ថបទទាក់ទង