កណ្តាល៖ កុមារីម្នាក់មានឈ្មោះ រតនា ម៉េងស៊ីម អាយុ០៥ឆ្នាំ បានបាត់បង់ជីវិតដោយសារ ការចាប់ ឃុំឃាំង និង បង្ខាំងដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់។ហេតុការណ៍នេះ កើតឡើងស្ថិតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ខណៈជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជនសង្ស័យមាន ឈ្មោះ គីម វណ្ណា ភេទប្រុស អាយុ៣៥ ឆ្នាំ ត្រូវជាពូសាច់ថ្លៃ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ចំពោះមុខសមត្ថកិច្ច ជនសង្យ័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯង ចាប់ ឃុំឃាំង និង បង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) ពិតប្រាកដមែន។មូលហេតុ ដោយសារម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និង ខ្ចីលុយពីម្តាយជនរងគ្រោះមិនបាន។
បើតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឳពុក ម្តាយ កុមារី មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅរាងរាល់ថ្ងៃសោរ៍ ឬថ្ងៃអាទិត្យ តែងតែនាំជនរងគ្រោះទៅលេងជីដូន ជីតា នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ទល់មុខគ្នាជាមួយផ្ទះជនសង្ស័យ ទើបជនសង្ស័យមានឱកាសធ្វើសកម្មភាពទៅលើជនរងគ្រោះតែម្តង៕