ប៉ាគីស្ថាន៖ មានមន្ត្រីប៉ូលីសប៉ាគីស្ថានប្រមាណ ១៤ត្រូវបានសម្លាប់ក្នុងហេតុការណ៍បាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅប៉ុស្តិ៍ប៉ូលីសមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន ដោយក្រុមមន្រ្តីទាំងនោះដែលកំពុងតែមានវត្តមានក្នុងប៉ុស្តិ៍ប៉ូលីសកើតហេតុត្រូវបានសម្លាប់ និងរងការបាញ់ប្រហារពីខ្មាន់កាំភ្លើង។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលីសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ។
មន្ត្រីប៉ូលីសម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ក្នុងហេតុការណ៍ថាពួកសកម្មប្រយុទ្ធដំបូងបានបើករថយន្តដែលពោរពេញទៅដោយគ្រឿងផ្ទុះចូលទៅក្នុងប៉ុស្តិ៍ ហើយបន្ទាប់មកបានចូលទៅក្នុងបរិវេណប៉ុស្តិ៍ប៉ូលីស ហើយបានចាប់ផ្តើមបាញ់ទៅលើមន្ត្រីដែលនៅសេសសល់ ដោយភ្លាមៗមានមន្រ្តីពាក់ព័ន្ធអនុវត្តច្បាប់ផ្សេងទៀតត្រូវបានបញ្ជូនទៅជួយប៉ូលីស ប៉ុន្តែភេរវករបានវាយឆ្មក់ពួកគេ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសកើតដល់១៤នាក់។ ប្រភពពីប៉ូលីសបាននិយាយថា ពួកសកម្មប្រយុទ្ធក៏បានប្រើយន្តហោះគ្មានមនុស្សបើកក្នុងការវាយប្រហារនេះផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថារថយន្តសង្គ្រោះបន្ទាន់ពីភ្នាក់ងារជួយសង្គ្រោះ និងមន្ទីរពេទ្យស៊ីវិលបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដោយមន្ត្រីបាននិយាយថា ស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងមន្ទីរពេទ្យរដ្ឋាភិបាលនៅ Bannu។
ក្រុមសកម្មប្រយុទ្ធជីហាដដែលមានឈ្មោះថា Ittehad-ul-Mujahideen Pakistan (IMP) បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារដ៏ធំមួយមួយនេះ៕