681 ezgif.com resize
Swift cc time

ថាក់ស៊ីនត្រូវតែគោរពតាមលក្ខខណ្ឌដោះលែង ១១ ចំណុច ទើបមិនវិលទៅរកពន្ធនាគារវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាអ្នកនយោបាយដ៏មានប្រជាប្រិយភាពរបស់ថៃ បានវិលត្រឡប់ទៅដល់គេហដ្ឋាន «ចាន់សុងឡា» វិញហើយនៅព្រឹកថ្ងៃច័ន្ទនេះ ក្រោយទទួលបានការដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីជាប់ឃុំអស់រយៈពេល ៨ខែ។ ទោះជាយ៉ាងណាក៏ដោយ ការរស់នៅក្រៅឃុំនេះត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់មន្ត្រីជំនាញ តាមរយៈការកំណត់លក្ខខណ្ឌចំនួន ១១ ចំណុច។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation លក្ខខណ្ឌសំខាន់ៗនោះរួមមាន៖

១. ត្រូវស្នាក់នៅតាមអាសយដ្ឋានដែលអាជ្ញាធរបានអនុម័ត ជាមួយអ្នកធានាដែលបានកំណត់។

២. ត្រូវគោរពច្បាប់ និងចៀសវាងរាល់អំពើខុសច្បាប់។

៣. បំពេញការងារតែក្នុងមុខរបរដែលស្របច្បាប់ប៉ុណ្ណោះ។

៤. អនុវត្តតាមការណែនាំ និងដំបូន្មានរបស់មន្ត្រីត្រួតពិនិត្យ។

៥. ចូលរួមក្នុងសកម្មភាពស្តារនីតិសម្បទា ឬសកម្មភាពកែលម្អអាកប្បកិរិយាដែលរៀបចំដោយមន្ត្រី។

៦. រាយការណ៍ខ្លួនឱ្យបានទៀងទាត់ទៅកាន់មន្ត្រីត្រួតពិនិត្យ ក្នុងមួយខែម្តង។

៧. ត្រូវសុំការអនុញ្ញាតមុនពេលធ្វើដំណើរចេញក្រៅតំបន់ ឬខេត្តដែលបានកំណត់។

៨. ចៀសវាងរាល់ឥរិយាបថដែលចាត់ទុកថាបង្កគ្រោះថ្នាក់ ឬទំនងជាបង្កឱ្យមានភាពវឹកវរក្នុងសង្គម។

៩. ចៀសវាងការពាក់ព័ន្ធនឹងគ្រឿងញៀន សារធាតុប៉ះពាល់ដល់ប្រព័ន្ធប្រសាទ អាវុធ រំសេវ និងគ្រឿងផ្ទុះ។

១០. ចៀសវាងការសួរសុខទុក្ខ ការទាក់ទង ឬការសេពគប់ជាមួយអ្នកទោស ឬអ្នកជាប់ឃុំដែលមិនមែនជាសាច់ញាតិ។

១១. ចៀសវាងការសេពគប់ជាមួយបុគ្គល ឬក្រុមដែលអាចដឹកនាំឱ្យមានការប្រព្រឹត្តបទល្មើសឡើងវិញ ឬបង្កឱ្យមានការព្រួយបារម្ភដល់សាធារណជន។

មន្ត្រីជំនាញបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើលោកខកខានមិនបានអនុវត្តតាមលក្ខខណ្ឌណាមួយនោះ ការដោះលែងនឹងត្រូវលុបចោល ហើយលោកនឹងត្រូវបញ្ជូនទៅកាន់ពន្ធនាគារវិញជាកំហិត។

បើទោះបីជាលោកទទួលបានសេរីភាពក៏ពិតមែន ប៉ុន្តែស្ថានភាពនេះហាក់នៅមានភាពស្រពិចស្រពិលនៅឡើយជុំវិញឥទ្ធិពលនយោបាយរបស់លោកនាពេលអនាគត។ មជ្ឈដ្ឋានជាច្រើនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើវត្តមានរបស់លោកនឹងបន្តជះឥទ្ធិពលលើឆាកនយោបាយថៃកម្រិតណា ជាពិសេសគឺកិច្ចការនយោបាយនិងព្រំដែនជាមួយកម្ពុជានាពេលខាងមុខ។

Khcct banner

អត្ថបទទាក់ទង