ចិន៖ កាលពីថ្ងៃអាទិត្យកន្លងទៅ ក្នុងខេត្តហ្វូជៀន (Fujian) ភាគខាងកើតប្រទេសចិន រ៉ូបូតមនុស្សចិន (Humanoid Robots) ជាច្រើនគ្រឿងបានចូលរួមបង្ហាញសមត្ថភាពក្នុងដំណើរការផលិតតែ ដែលជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយសម្រាប់ ព្រឹត្តិការណ៍កីឡារ៉ូបូតមនុស្សពិភពលោកឆ្នាំ ២០២៦ (2026 World Humanoid Robot Games) ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែសីហាខាងមុខនេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន រ៉ូបូតទាំងនេះបានអនុវត្តការងារសំខាន់ៗជាច្រើន ចាប់តាំងពីការបេះស្លឹកតែ ការដឹកជញ្ជូនលើភូមិសាស្ត្រផ្លូវភ្នំ រហូតដល់ការប្រើប្រាស់បច្ចេកវិទ្យាត្រួតពិនិត្យកម្ដៅដើម្បីលីងតែឱ្យមានគុណភាព។ សកម្មភាពជាក់ស្តែងនេះបានផ្តល់ទិន្នន័យយ៉ាងសំខាន់ដល់ក្រុមវិស្វករ ក្នុងការយកទៅកែលម្អភាពបត់បែននៃម្រាមដៃ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចលនាឱ្យកាន់តែមានភាពរលូន និងច្បាស់លាស់។
ទោះបីជាបច្ចេកវិទ្យានេះនៅមានចំណុចខ្លះដែលត្រូវកែសម្រួលបន្ថែម ប៉ុន្តែជោគជ័យដំបូងនេះបានបង្ហាញពីសក្ដានុពលខ្ពស់របស់រ៉ូបូតមនុស្ស ក្នុងការជួយដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មក្នុងឧស្សាហកម្មប្រពៃណី។
លោក ហ្វាង ហៃណាន តំណាងក្រុមវិស្វកម្មបានបញ្ជាក់ថា បទពិសោធន៍ការងារក្នុងពិភពពិតនេះ គឺជាឱកាសដ៏សំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពរ៉ូបូតឱ្យកាន់តែរហ័សរហួន និងត្រៀមខ្លួនរួចរាល់សម្រាប់ការបម្រើសង្គមនាពេលអនាគត។ បើទោះបីជាបច្ចុប្បន្ននៅមានចំណុចខ្វះខាតខ្លះក៏ដោយ ក៏ក្រុមវិស្វករកំពុងប្រើប្រាស់បច្ចេកវិទ្យាចាប់យកចលនា (Motion Capture) ដើម្បីប្រមូលទិន្នន័យសម្រាប់កែលម្អការគ្រប់គ្រងម្រាមដៃទាំងប្រាំឱ្យកាន់តែមានភាពបត់បែន និងធ្វើបច្ចុប្បន្នភាពផលិតផលរបស់ខ្លួនឱ្យកាន់តែល្អឥតខ្ចោះជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡារ៉ូបូតមនុស្សពិភពលោកលើកទី២ នឹងត្រូវរៀបចំឡើងនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែសីហា ដោយមានវិញ្ញាសាជាង ៣០ ដែលបង្ហាញពីវឌ្ឍនភាពចុងក្រោយបង្អស់នៃបញ្ញាសិប្បនិម្មិត (embodied intelligence) និងសមត្ថភាពនៃការបញ្ជាដ៏ល្អិតល្អន់។