ភ្នំពេញ៖ ស្ថាប័ន Beyond Borders Scotland ប្រកាសជ្រើសរើសយុវជន ដែលមានចំណាប់អារម្មណ៍លើវិស័យសិទ្ធិស្ត្រី និងការកសាងសន្តិភាព ដើម្បីចូលរួមកម្មវិធីអាហារូបករណ៍ "Women in Conflict 1325 Fellowship Programme" ។ បេក្ខនារីដែលត្រូវបានជ្រើសរើស នឹងត្រូវធ្វើដំណើរទៅស្នាក់នៅ និងសិក្សាផ្ទាល់ នៅប្រទេសស្កុតឡែន (Scotland) រយៈពេលមួយសប្តាហ៍ ក្នុងខែកក្កដា ឆ្នាំ២០២៦។
យោងតាមគេហទំព័រ សមាគមនិស្សិតកម្ពុជាប្រចាំតំបន់អឺរ៉ុប បានឱ្យដឹងថា កម្មវិធីអាហារូបករណ៍ "Women in Conflict 1325 Fellowship Programme" សម្រាប់ឆ្នាំ២០២៦ នឹងរៀបចំឡើងក្រោមប្រធានបទ “ការចូលរួមប្រកបដោយអត្ថន័យរបស់ស្ត្រីក្នុងការកសាងសន្តិភាព” (Women’s Meaningful Participation in Peacebuilding)។ បេក្ខនារីដែលត្រូវបានជ្រើសរើស នឹងត្រូវធ្វើដំណើរទៅស្នាក់នៅ និងសិក្សាផ្ទាល់នៅប្រទេសស្កុតឡែន (Scotland) រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងអំឡុងពេលនៃកម្មវិធីនេះ សិក្ខាកាមនឹងមានឱកាសចូលរួមក្នុងវគ្គពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ការងារ និងការកសាងបណ្តាញទំនាក់ទំនងជាមួយស្ត្រីឆ្នើមៗមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ លើសពីនេះ ក៏មានវគ្គសិក្សាតាមប្រព័ន្ធអនឡាញទាំងមុន និងក្រោយកម្មវិធីផ្ទាល់ ដើម្បីពង្រឹងចំណេះដឹងបន្ថែម និងការភ្ជាប់ទំនាក់ទំនងជាមួយអតីតសិក្ខាកាម (Alumnae) ផងដែរ។
កម្មវិធីនេះបើកទទួលពាក្យសម្រាប់ស្ត្រីដែលមកពីប្រទេសរងផលប៉ះពាល់ដោយជម្លោះ ហើយកំពុងបំពេញការងារក្នុងវិស័យកសាងសន្តិភាព សិទ្ធិស្ត្រី ឬវិស័យពាក់ព័ន្ធ។ អ្វីដែលពិសេសនោះ ស្ត្រីដែលមានជំនាញក្នុងវិស័យសិល្បៈក៏ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យផងដែរ។ ឯកសារចាំបាច់រួមមាន៖ ១. ប្រវត្តិរូបសង្ខេប (CV) ចុងក្រោយបំផុត ២. លិខិតណែនាំ (Reference Letter) និង ៣. ច្បាប់ចម្លងលិខិតឆ្លងដែន (Passport)។ សម្រាប់ព័ត៌មានលម្អិត បេក្ខជនអាចចូលទៅកាន់តំណភ្ជាប់៖ https://www.beyondbordersscotland.com/.../how-to-apply/...។
គួរបញ្ជាក់ថា កាលបរិច្ឆេទឈប់ទទួលពាក្យគឺនៅ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មការរៀបចំបានបញ្ជាក់ថា ការទទួលពាក្យអាចនឹងត្រូវបិទមុនកាលកំណត់ ប្រសិនបើមានបេក្ខនារីដាក់ពាក្យច្រើនលើសពីការរំពឹងទុក។ នេះគឺជាឱកាសដ៏កម្រសម្រាប់យុវតីកម្ពុជាក្នុងការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ និងនាំយកចំណេះដឹងមកអភិវឌ្ឍសង្គមជាតិ ជាពិសេសលើកកម្ពស់តួនាទីស្ត្រីក្នុងកិច្ចការសន្តិភាព៕