ដូចការគ្រោងទុក អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅថ្ងៃទី ១១ ឧសភានេះ ត្រូវបានដោះលែងចេញពីពន្ធនាគារ បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេល៨ខែ ពាក់ព័ន្ធរូបលោកប្រព្រឹត្តកំហុសដោយស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីគេចវេះ ពីការអនុវត្តទោសជាប់ឃុំក្នុងពន្ធនាគារ។ ការដោះលែងលោក ថាក់ ស៊ីននេះ ធ្វើឡើងដោយមានអ្នកគាំទ្ររបស់លោកជាច្រើនរយនាក់រង់ចាំទទួលស្វាគមន៍អមជាមួយបាច់ផ្កាជូនលោក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តុលាការកំពូលថៃ បានបង្គាប់ឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ បន្ទាប់ពីបានរកឃើញថា លោកបានគេចវេះ ពីការអនុវត្តទោសជាប់ពន្ធនាគាររយៈពេលមួយឆ្នាំដោយការស្នាក់នៅរយៈពេលប្រាំមួយខែ ក្នុងមន្ទីរពេទ្យនគរបាលជាតិ។
នៅថ្ងៃទី ១១ ឧសភានេះ លោក ថាក់ស៊ីន ស្ថិតក្នុងចំណោមអ្នកទោស ៥០០នាក់ ត្រូវដោះលែងនៅក្រៅឃុំ តែបានដាក់លក្ខខណ្ឌ ពោលគឺតម្រូវឱ្យលោក ថាក់ស៊ីន ពាក់ពាក់ឧបករណ៍តាមដានអេឡិចត្រូនិច (EM) នៅកជើង សម្រាប់ការអនុវត្តទោសដែលនៅសេសសល់របស់លោក។
ការដោះលែងមុនការកំណត់នេះ ដោយនាយកដ្ឋានកែប្រែរបស់ថៃ ពន្យល់ថា ដោយសារកត្តាអាយុ និងការអនុវត្តទោសច្រើនខែរបស់លោក ថាក់ស៊ីន ខណៈបច្ចុប្បន្ន លោក ថាក់ស៊ីន មានអាយុលើសពី ៧០ឆ្នាំ និងកំពុងមានជំងឺប្រចាំកាយជាច្រើនផង។
សូមរម្លឹកជូនថា លោក ថាក់ស៊ីន គឺជាមេដឹកនាំក្រុមនយោបាយដ៏មានឥទ្ធិពលខ្លាំងក្នុងឆាកនយោបាយថៃ។លោកធ្លាប់កាន់ដំណែងជា នាយករដ្ឋមន្រ្តីថៃពី ឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។លោកត្រូវបានក្រុមយោធាថៃ មានស្តេចថៃនៅពីក្រោយ បានធ្វើរដ្ឋប្រហារទម្លាក់រូបលោក ថ្ងៃទី ១៩ កញ្ញា ឆ្នាំ២០០៦។តែស្រមោលរបស់លោកអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ នៅតែបន្តតាមលងពួកគេមកដល់ពេលបច្ចុប្បន្ន៕