681 ezgif.com resize
Swift cc time

ឥទ្ធិពលព្យុះទី៥ ឈ្មោះ«ហាហ្គូពីត» នឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី១១-១៣ ឧសភា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះបានប្រកាសថា ព្យុះទី៥ ឈ្មោះ ហាហ្គូពីត (Hagupit) T2605 នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា។ ក្រសួងបញ្ជាក់ថា កម្ពុជាពុំស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះនេះទេ ប៉ុន្តែឥទ្ធិពលព្យុះនេះ នឹងធ្វើកម្ពុជាមានភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី១១-១៣ ឧសភា ឆ្នាំ២០២៦។

បើតាមក្រសួងបានឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ១៥%។

ចំណែកនៅតំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្ដរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥%។

តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នយ៍មានល្បឿនមធ្យម ២ម៉ែត្រ នាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី ២៥%។ រីឯរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ៕

Khcct banner

អត្ថបទទាក់ទង