បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) នឹងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញនៅថ្ងៃទី ១១ ខែឧសភា ខាងមុខនេះ បន្ទាប់ពីលោកបានអនុវត្តទោសក្នុងពន្ធនាគារ និងត្រូវទទួលបានការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នក្រោមលក្ខខណ្ឌត្រួតពិនិត្យ។ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល កាលពីថ្ងៃទី ៨ ខែឧសភា បានសម្តែងការអបអរសាទរ ចំពោះក្រុមគ្រួសារត្រកូលស៊ីណាវ៉ាត្រាផងដែរ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Thairath។
លោកអនុទីនបានសង្កត់ធ្ងន់ពីការគោរពយ៉ាងជ្រាលជ្រៅរបស់លោកចំពោះលោក ថាក់ស៊ីន ដោយរំលឹកថា លោកធ្លាប់បានបម្រើការងារក្រោមការដឹកនាំរបស់អតីតមេដឹកនាំរូបនេះអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដែលធ្វើឱ្យទំនាក់ទំនងរវាងអ្នកទាំងពីរមានភាពជិតស្និទ្ធប្រៀបដូចជាសាច់ញាតិបង្កើត។
នៅពេលត្រូវបានសាកសួរអំពីឱកាសនៃការចូលជួបពិភាក្សា ឬសុំយោបល់ពីលោក ថាក់ស៊ីន លោកអនុទីនបានឆ្លើយតបទាំងស្នាមញញឹមថា លោកចង់ទុកពេលវេលាឱ្យលោក ថាក់ស៊ីន បានសម្រាក និងជួបជុំក្រុមគ្រួសារឱ្យបានពេញលេញជាមុនសិន។ លោកបានបន្ថែមដោយសម្តីលេងសើចថា៖ «ទីក្រុងបាងកកតូចណាស់» ដែលជាន័យប្រៀបធៀបថា លោក និងលោក ថាក់ស៊ីន នឹងមានឱកាសជួបគ្នានៅក្នុងពេលវេលាសមស្របណាមួយនាពេលអនាគតជាក់ជាមិនខាន។
ជាចុងក្រោយ ចំពោះការលើកឡើងអំពីលទ្ធភាពនៃរបត់នយោបាយថ្មីក្រោយការដោះលែងនេះ លោក អានុទីន បានបញ្ជាក់យ៉ាងខ្លីថា លោកមិនទាន់បានគិតដល់ចំណុចនោះឡើយ ដោយបច្ចុប្បន្នលោកនៅតែរក្សាជំហរគោរពដ៏រឹងមាំ និងយូរអង្វែងចំពោះលោក ថាក់ស៊ីន ដូចដើម។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានតុលាការថៃកាត់ទោសឱ្យអនុវត្តទោសក្នុងពន្ធនាគារពាក់ព័ន្ធនឹងបទចោទប្រកាន់ពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ កាលពីអំឡុងពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី។ ក្រោយពីបានវិលត្រឡប់ចូលប្រទេសថៃវិញ និងបានទទួលការបន្ធូរបន្ថយទោសជាបន្តបន្ទាប់ លោកក៏ត្រូវបានអនុញ្ញាតឱ្យស្ថិតក្រោមលក្ខខណ្ឌដោះលែងឱ្យមានសេរីភាពក្រៅឃុំវិញ ដោយសារវ័យ និងស្ថានភាពសុខភាពរបស់លោក៕