ភ្នំពេញ៖ រដ្ឋបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ផ្តល់អាហារូបករណ៍ ចំនួន ៨កន្លែងដល់និស្សិតទៅបន្តការសិក្សានៅសាកលវិទ្យាល័យចំនួន ៨នៅខេត្តក្វាងស៊ី ប្រទេសចិន។ អាហារូបករណ៍នេះ ផ្តល់ឱ្យសម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ៧កន្លែង និងថ្នាក់អនុបណ្ឌិតចំនួន ១កន្លែង។ អាហារូបករណ៍នេះ នឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
យោងតាមគេហទំព័រផ្លូវការនៃក្រសួងអប់រំ និស្សិតជាជនជាតិខ្មែរគ្រប់រូបអាចដាក់ពាក្យបាន។ ក្នុងនោះ ប្រសិនបើបេក្ខជនដាក់ពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បេក្ខជនត្រូវមានអាយុមិនលើសពី ២២ឆ្នាំ និងបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបានប្រឡងសញ្ញាបត្រដែលមានតម្លៃសមមូល។ បេក្ខជន ត្រូវមានលិខិតបញ្ជាក់ពីកម្រិត CSCA ដែលជាប្រឡងតេស្តសម្រាប់និស្សិតអន្តរជាតិចូលរៀននៅសាកលវិទ្យាល័យប្រទេសចិន។ រីឯថ្នាក់អនុបណ្ឌិតវិញ បេក្ខជនមិនត្រូវមានអាយុមិនលើសពី ៣៥ឆ្នាំ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ ទន្ទឹមគ្នា បេក្ខជនត្រូវមានចំណេះដឹងភាសាចិន ឬភាសាអង់គ្លេសបានល្អ មានសុខភាពល្អ និងពុំធ្លាប់ទទួលបានអាហារូបករណ៍ពីប្រទេសចិនកន្លងមក។
បើតាមប្រភពដដែល ដើម្បីដាក់ពាក្យបេក្ខជនត្រូវត្រៀមនូវឯកសារមួយចំនួនដូចជា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្របរិញ្ញាបត្រសម្រាប់ថ្នាក់អនុបណ្ឌិត។មួយវិញទៀត បេក្ខជនក៏ត្រូវមានពាក្យស្នើសុំអាហារូបករណ៍ ជីវប្រវត្តិសង្ខេបមួយច្បាប់ រូបថតផ្ទៃខាងក្រោយព័ណ៌ស ៤គុណ៦ ៤សន្លឹក បង្កាន់ដៃទទួលពាក្យប្រឡង ១ច្បាប់ ពាក្យសុំអាហារូបករណ៍មួយច្បាប់ និងលិខិតឆ្លងដែន ១ច្បាប់។ បន្ថែមពីនេះ ចំពោះបេក្ខជនជានិស្សិតត្រូវមានលិខិតបញ្ជាក់ពីគ្រឹះស្ថានសិក្សា និងបេក្ខជនជាមន្ត្រីរាជការត្រូវមានលិខិតបញ្ជាក់ពីអង្គភាព។ បេក្ខជន ត្រូវរៀបចំសំណើរឯកសារទាំងអស់នេះឱ្យបានត្រឹមត្រូវហើយយកទៅដាក់ដោយផ្ទាល់នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ានឱ្យបានត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
គួរបញ្ចាក់ផងដែរថា អាហារួបករណ៍នឹងគ្រប់ដណ្តប់ទៅលើថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែ។ ប៉ុន្តែថ្លៃធ្វើដំណើរជាបន្ទុកបេក្ខជន។ចំពោះការប្រឡងជ្រើសរើសនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។ សាកលវិទ្យាល័យទាំង៨ រួមមាន Guangxi University, Guangxi Normal University, Guangxi Minzu University, Guilin University of Technology, Nanning Normal University, Guilin Medical University, Youjiang Medical University for Nationalities, និង Yulin Normal University។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រ៕