ភ្នំពេញ៖ នាពេលបច្ចុប្បន្ន ជំងឺធ្លាក់ចិត្ត ថប់អារម្មណ៍ និងតានតឹងចិត្ត គឺជាជំងឺដែលយុវជនប្រឈមច្រើមជាងគេ។ក្នុងនោះ កត្តាធំៗដែលបណ្តាលឱ្យយុវជនមានជំងឺទាំងនេះ មានដូចជា កត្តាគ្រួសារ កត្តាសង្គម និងកត្តាខ្លួនឯង។ នេះបើយោងតាមលោក ពេជ ពុត ជាអ្នកប្រឹក្សាបញ្ហាផ្លូវចិត្តនៅអង្គការក្រៅរដ្ឋាភិបាលមួយនៅទីក្រុងភ្នំពេញ បានប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍នៅក្នុងបទសម្ភាស។
ក្នុងនោះកត្តាគ្រួសារ អាចបណ្តាលមកពីគ្រួសារមានជីវភាពខ្វះខាត ជំពាក់បំណុល អំពើហិង្សា ការលែងលះរបស់ឪពុកម្តាយ ការប្រៀបធៀបជាមួយកូនអ្នកដទៃ ភាពព្រងើយកន្តើយ និងការស្តីបន្ទោសជាញឹកញាប់។ ជាមួយគ្នានេះ កត្តាសង្គមដែលមានដូចជា ការមើលងាយ និងធ្វើបាបពីមិត្តភក្តិ បាត់បង់មិត្តជិតស្និទ្ធ បញ្ហាស្នេហា និងរងអំពើអយុត្តិធម៌ ក៏ជាឬសគល់នៃបញ្ហាផ្លូវចិត្ត។ ជាចុងក្រោយ កត្តាខ្លួនឯងដែលនាំឱ្យប៉ះពាលផ្លូវចិត្តរួមមាន ការចូលចិត្តគិតពីភាពអវិជ្ជមាន ស្តីបន្ទោសខ្លួនឯង និងប្រៀបធៀបខ្លួនជាមួយអ្នកដទៃជាដើម។
ស្របគ្នានេះ អ្នកប្រឹក្សាបញ្ហាផ្លូវចិត្តរូបនេះក៏បានរៀបរាប់ពីសញ្ញាមួយចំនួនដែលសម្គាល់ថាយុវជនកំពុងមានជំងឺផ្លូវចិត្តដែលមានដូចជា ការធ្លាក់ចុះចំណាប់អារម្មណ៍ ឬភាពរីករាយ ឆាប់ខឹង និងឆេវឆាវ។ អ្នកមានបញ្ហាផ្លូវចិត្តតែងមានអារម្មណ៍ថាគ្មានតម្លៃ គិតពីសេចក្តីស្លាប់ជាញឹកញាប់ និងមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភច្រើនដោយគ្មានមូលហេតុ។ អ្នកជំងឺផ្លូវចិត្ត្តបញ្ចេញសកម្មភាពដែលមានចលនាស្ទក់ៗ និងមានរោគសញ្ញាដូចជា អស់កម្លាំងល្ហិតល្ហៃ ទម្ងន់ឡើងចុះខុសប្រក្រតី គេងមិនលក់ ឬគេងច្រើនជ្រុល ចង្វាក់បេះដូងលោតញាប់ តានតឹងសាច់ដុំ និងពិបាកផ្ចង់អារម្មណ៍ជាដើម។
ក្នុងកិច្ចសម្ភាសនេះ លោកក៏បានប្រាប់នូវចំណុចមួយចំនួនដែលយុវជនគួរតែអនុវត្តដើម្បិឱ្យផ្លូវចិត្តរឹងមាំ និងដោះស្រាយបញ្ហាផ្លូវចិត្តផងដែរ។ ចំណុចទាំងនោះរួមមាន ការស្តាប់ធម៌អប់រំចិត្ត ឬសមាធិដើម្បីឱ្យចិត្តស្ងប់ ការស្តាប់តន្រ្តី ឬមើលរឿងកម្សាន្ត ផ្តោតលើដំណោះស្រាយជាជាងបញ្ហា។ យុវជន គួរតែគិតពីចំណុចល្អ និងវិជ្ជមានរបស់ខ្លួនឱ្យបានច្រើន ជជែកបញ្ហាជាមួយមនុស្សទុកចិត្ត ព្រមទាំងបំបែកបញ្ហាជាបំណែកតូចៗ ហើយដោះស្រាយជាជំហានដើម្បីចៀសវាងបញ្ហាកាន់តែធំដែលនាំឱ្យតានតឹងចិត្ត។ ការស្វែងរកជំនួយ ស្វែងរកគោលដៅ និងតម្លៃក្នុងជីវិតគឺជាចំណុចសំខាន់ដែលធ្វើឱ្យអ្នកជំងឺផ្លូវចិត្តមានកម្លាំងចិត្តឡើងវិញ។ ជាមួយគ្នានេះ លោកបានណែនាំនូវស្ថាប័នមួយចំនួនដែលយុវជនមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ អាចស្វែងរកសេវាព្យាបាលផ្លូវចិត្តដែលមានដូចជា អង្គការTPO Cambodia, Sneha Center, Sombok Psychology, មន្ទីរពេទ្យរុស្សី, មន្ទីរពេទ្យព្រះកុសមៈ, និងលំហចិត្ត។
ជាចុងក្រោយ ក្នុងនាមជាអ្នកមានបទពិសោធន៍នៅក្នុងការប្រឹក្សាផ្លូវចិត្ត លោកណែនាំ និងជម្រុញឱ្យយុវជនស្រលាញ់មើលថែផ្លូវចិត្ត ឱ្យបានល្អដូចជាផ្លូវកាយ ព្រោះទាំងផ្លូវចិត្តទាំងផ្លូវកាយសុទ្ធតែមានសារៈសំខាន់ និងត្រូវដើររួមគ្នាដើម្បីឱ្យរាងកាយ និងសុខភាពរឹងមាំ។ យុវជនអាចស្រលាញ់ខ្លួនឯងដោយចាប់ផ្តើមពីសកម្មភាពតូចៗដូចជា គិតវិជ្ជមាន ហូបនិងគេងឱ្យបានគ្រប់គ្រាប់ ធ្វើលំហាត់ប្រាណ បង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ធ្វើខ្លួនឱ្យសកម្ម បង្កើតទម្លាប់ល្អៗ និងអភិវឌ្ឍខ្លួនជាប្រចាំ៕