681 ezgif.com resize
Swift cc time

ផ្ទុះភ្នំភ្លើង «ឌូកូណូ» នៅឥណ្ឌូនេស៊ី បណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ និង ១០ នាក់ បាត់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឥណ្ឌូណេស៊ី៖ អាជ្ញាធរក្នុងតំបន់មួយ របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា មានគ្រោះមហន្តរាយនៃការផ្ទុះភ្នំភ្លើង «ឌូកូណូ» (Dukono) នៅលើកោះហាល់ម៉ាហេរ៉ា (Halmahera) បណ្តាលឱ្យអ្នកដើរព្រៃចំនួន ៣ នាក់បាត់បង់ជីវិត (ក្នុងនោះមានជនបរទេស ២ នាក់) និង ១០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ការផ្ទុះនេះបានបាញ់បញ្ចេញផេះភ្នំភ្លើងកម្ពស់ដល់ទៅ ១០ គីឡូម៉ែត្រទៅលើអាកាស ដែលបង្កជាហានិភ័យខ្ពស់ដល់សុខភាពសាធារណៈ និងវិស័យដឹកជញ្ជូន។

បើតាមការចុះផ្សាយពីសារព័ត៌មាន CNA ជនរងគ្រោះដែលបាត់បង់ជីវិត ២ នាក់ ត្រូវបានគេសង្ស័យថាជាជនជាតិសិង្ហបុរី ទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការពីអត្តសញ្ញាណកម្មសញ្ជាតិនៅឡើយក៏ដោយ។

គួររំលឹកថា ភ្នំភ្លើងឌូកូណូ ស្ថិតក្នុងកម្រិតប្រកាសអាសន្នទី៣ ដែលតម្រូវឱ្យមានការបិទខ្ទប់តំបន់ជុំវិញមាត់ភ្នំភ្លើងក្នុងចម្ងាយ ៤ គីឡូម៉ែត្រ ចាប់តាំងពីខែមេសាមកម្ល៉េះ បន្ទាប់ពីសកម្មភាពភ្នំភ្លើងបានកើនឡើង។ ទោះជាយ៉ាងណា ក្រុមអ្នកឡើងភ្នំទាំងនេះត្រូវបានរាយការណ៍ថា បានចូលទៅក្នុងតំបន់ហាមឃាត់ រហូតជួបគ្រោះថ្នាក់នាពេលនេះ។

មកទល់ពេលនេះ អាជ្ញាធរសង្គ្រោះបន្ទាន់ និងកងកម្លាំងនគរបាលក្នុងតំបន់ បានដាក់ពង្រាយកម្លាំងស្វែងរកជនរងគ្រោះដែលបាត់ខ្លួនយ៉ាងសស្រាក់សស្រាំ នៅក្នុងតំបន់គ្រោះថ្នាក់នោះ។ គិតត្រឹមពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីការប៉ះពាល់ដល់ជើងហោះហើរ ក្នុងវិស័យអាកាសចរណ៍ទៅតំបន់នេះនៅឡើយទេ បើទោះបីជាភ្នំភ្លើងដែលមានប្រវត្តិផ្ទុះតាំងពីឆ្នាំ ១៩៣៣ មួយនេះ កំពុងសកម្មខ្លាំងក៏ដោយ។

Khcct banner

អត្ថបទទាក់ទង