ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ នៅទី៦ ខែឧសភា បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ចូលរួមបរិច្ចាគឈាមជាមួយមហាគ្រួសារវិស័យទេសចរណ៍ក្នុងរដូវកាលបៃតង» ដើម្បីចូលរួមអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី៧១ ឆ្នាំកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា ការបរិច្ចាគឈាម គឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា ដែលបានបង្ហាញពីស្មារតីចែករំលែក ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះសង្គម ជាពិសេសការចូលរួមជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាបន្ទាន់។ លោកបានបន្តថា វិស័យទេសចរណ៍ មិនត្រឹមតែដើរតួនាទីជាកម្លាំងជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិស័យដែលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម និងមនុស្សធម៌ ស្របតាមទិសស្លោករបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា «ទេសចរណ៍ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នាដើម្បីទេសចរណ៍»។
ជាមួយគ្នានោះ លោក ហួត ហាក់ បានបន្ថែមថា ការចូលរួមរបស់ក្រសួងទេសចរណ៍ ដើម្បីអបអរសាទរទិវាកាកបាទក្រហមពិភពលោក និងកម្ពុជា (៨ ឧសភា ២០២៦) តាមរយៈសកម្មភាពគោលចំនួន២ រួមមាន ទី១៖ ការនាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ មានជាអាទិ៍៖ អង្ករ ២តោន, មី ១០០កេស, ទឹកសុទ្ធ ៥០០កេស/យួរ, មុង ចំនួន៣០, ភួយ ចំនួន៣០ និងឃីតសម្លៀកបំពាក់ ចំនួន៥០ឃីត ប្រគល់ជូនកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី៤ ខែឧសភា កន្លងទៅថ្មីៗនេះ និងទី២៖ នៅថ្ងៃនេះ មហាគ្រួសារវិស័យទេសចរណ៍ រួមគ្នាជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ស្របពេលដែលក្រសួងទេសចរណ៍ខិតខំជំរុញឱ្យមានព្រឹត្តិការណ៍ និងកម្មវិធីនានាក្នុងរដូវកាលបៃតងនៅកម្ពុជា៕