កោះសេប៊ូ៖ ក្នុងឱកាសបើកសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នៅថ្ងៃសុក្រនេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand R. Marcos Jr. បានអំពាវនាវឱ្យមានការរឹតបន្តឹងកិច្ចសហប្រតិបត្តិការសមុទ្ររវាងបណ្តាប្រទេសជាសមាជិកអាស៊ានឱ្យកាន់តែស៊ីជម្រៅ និងជំរុញឱ្យបង្កើត «មជ្ឈមណ្ឌលសមុទ្រអាស៊ាន» ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។ ការអំពាវនាវនេះធ្វើឡើងក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការរំខានដល់ផ្លូវពាណិជ្ជកម្មអន្តរជាតិ ដែលបណ្តាលមកពីវិបត្តិជម្លោះនៅមជ្ឈិមបូព៌ា។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Manila Times ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ លោក ម៉ាកូស បានជំរុញឱ្យថ្នាក់ដឹកនាំអាស៊ានអនុម័តនូវសេចក្តីថ្លែងការណ៍រួម និងគាំទ្រដល់សំណើបង្កើត «មជ្ឈមណ្ឌលសមុទ្រអាស៊ាន» (ASEAN Maritime Center)។ លោកពន្យល់ថា មជ្ឈមណ្ឌលនេះនឹងដើរតួជាវេទិកាសំខាន់សម្រាប់សម្របសម្រួលផ្នែកសន្តិសុខ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចក្នុងតំបន់ ដែលស្របទៅតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។
លោកប្រធានាធិបតីម៉ាកូសបានបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលដែលបានស្នើឡើងនេះ នឹងក្លាយជាយន្តការស្នូលសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការដោះដូរព័ត៌មានរវាងរដ្ឋសមាជិក ក៏ដូចជាជាមួយដៃគូពាក់ព័ន្ធនានាក្រោមក្របខ័ណ្ឌដឹកនាំដោយអាស៊ាន។
ជាកិច្ចបញ្ចប់ លោក ម៉ាកូស បានសង្កត់ធ្ងន់ជាថ្មីនូវជំហររបស់អាស៊ាន ក្នុងការអំពាវនាវឱ្យមានការដោះស្រាយវិវាទនានាតាមផ្លូវសន្តិវិធី និងការធានាឱ្យបាននូវសេរីភាពនៃការធ្វើនាវាចរណ៍ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ក៏ដូចជាសុខុមាលភាពរួមសម្រាប់តំបន់ និងសកលលោកទាំងមូល។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នេះ កំពុងប្រព្រឹត្តទៅនៅលើកោះសេប៊ូ ប្រទេសហ្វីលីពីន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសសមាជិកទាំង ១១ រួមទាំងកម្ពុជាផងដែរ ដើម្បីពិភាក្សាលើបញ្ហាតំបន់ និងពង្រឹងសាមគ្គីភាពក្នុងប្លុកអាស៊ីអាគ្នេយ៍។