អាំស្ទែរដាំ៖ ប្រទេសនានានៅទូទាំងពិភពលោកបានព្យាយាមទប់ស្កាត់ និងកំពុងតែបន្តការតាមដានយ៉ាងជិតដល់នៃការរីករាលដាលបន្ថែមទៀតនៃមេរោគ Hantavirus បន្ទាប់ពីការផ្ទុះឡើងនៃមេរោគមួយនេះនៅលើនាវាទេសចរណ៍មួយដោយបណ្តាលឲ្យមានមនុស្សជាច្រើននាក់បានស្លាប់បាត់បង់ជីវិត និងមានការរកឃើញឆ្លងពីមនុស្សទៅមនុស្សក្នុងប្រទេសអាហ្រ្វិកខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានសិង្ហបុរី CNA ។
យោងតាមទីភ្នាក់ងារព័ត៌មាន CNA បានរាយការណ៍ថាមានមនុស្សបីនាក់ ប្តីប្រពន្ធជនជាតិហូឡង់ម្នាក់ និងជនជាតិអាល្លឺម៉ង់ម្នាក់ បានស្លាប់នៅក្នុងការផ្ទុះមេរោគ Hantavirus នៅលើនាវា MV Hondius ដោយមានមនុស្សប្រាំនាក់ត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគនេះ ដោយមានករណីសង្ស័យបីករណីផ្សេងទៀតកំពុងតែត្រូវបានបន្តតាមដាន និងទប់ស្កាត់ការរីករាលដាល។
លោកស្រី Maria Van Kerkhove នាយិកាផ្នែកគ្រប់គ្រងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទសារព័ត៌មានមួយថានេះមិនមែនជាមេរោគកូរ៉ូណាដែលត្រូវចាំបាច់មានការព្រួយបារម្ភខ្លាំងនោះទេទេ លោកស្រីថានេះជាមេរោគខុសគ្នាខ្លាំងពីមេរោគកូវីដ១៩ ហើយពេលនេះ WHO កំពុងតែយកចិត្តទុកដាក់តាមដាននៃការវិវត្តន៍នៃជំងឺឆ្លងមួយនេះ។
អង្គការសុខភាពពិភពលោក បានបញ្ជាក់ថាខ្លួនកំពុងធ្វើការលើការណែនាំជាជំហានៗសម្រាប់ពេលដែលអ្នកដំណើររាប់សិបនាក់ដែលនៅសល់នៅលើកប៉ាល់ ដែលកំពុងធ្វើដំណើរទៅកាន់កោះ Canary នៃប្រទេសអេស្បាញដែលគ្រោងនឹងមកដល់នៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ហើយអ្នកដំណើរចុះពីកប៉ាល់ដែលគ្មានរោគសញ្ញានៃជំងឺនេះ និងធ្វើដំណើរត្រឡប់ទៅផ្ទះវិញធម្មតា៕