ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី៧ ឧសភានេះ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតលើកទី១ ដើម្បីជំរុញការអនុវត្តយន្តការប្រទ្បងប្រណាំងទីក្រុងស្អាត ខណៈយុទ្ធនាការនេះបានចូលរួមចំណែកក្នុងការប្រែមុខមាត់កម្ពុជាទាំងក្នុងកម្រិតថ្នាក់ជាតិ និងតំបន់ រយៈកាលជិត១៤ឆ្នាំ។
គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំលើកដំបូងនាថ្ងៃនេះ គឺទី១). បង្ហាញសមាសភាពអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, ទី២).ស្តាប់របាយការណ៍វឌ្ឍនភាពការងារ របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, ទី៣).ពិនិត្យលទ្ធផលនៃការវាយតម្លៃទីក្រុងស្អាតលើកទី៤ សុពលភាពឆ្នាំ២០២៦-២០២៩ មុនគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចចុងក្រោយ និងទី៤). ពិនិត្យលើសកម្មភាពការងារមួយចំនួន ដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ២០២៦នេះ។
បើតាមលោក ហួត ហាក់ ប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបញ្ជាក់ថា លទ្ធផលនៃការវាយតម្លៃទីក្រុងស្អាតនេះមានសូចនាករគោល ចំនួន ៧, សូចនាករលម្អិត ចំនួន ៤១, និងលក្ខណវិនិច្ឆ័យ ចំនួន ១១៣ ហើយត្រូវបានអនុវត្តផ្អែកលើស្តង់ដាទីក្រុងស្អាត និងផ្អែកលើអភិក្រម ចំនួន ៣ គឺទី១). ពិនិត្យលើសមិទ្ធផលកន្លងមក ដែលទទួលបានពីការវាយតម្លៃទីក្រុងស្អាតលើកទី៣ ពោលគឺផ្អែកលើការសន្និដ្ឋានជាមុនថា ការអភិវឌ្ឍរបស់ក្រុង ខណ្ឌបេក្ខភាពត្រូវដើរឆ្ពោះទៅមុខ មិនដើរថយក្រោយ, ទី២). ពិនិត្យលើឯកសារភ្ជាប់ថ្មីៗបន្ថែមទៀតដែលផ្តល់ជូនដោយក្រុង-ខណ្ឌបេក្ខភាព, និងទី៣).ការពិនិត្យទីតាំងជាក់ស្តែងបន្ថែមទៀតទៅតាមសូចនាករនីមួយៗ។
គួរបញ្ជាក់ថា យុទ្ធនាការប្រទ្បងប្រណាំងទីក្រុងស្អាត ត្រូវបានចាប់ផ្តើមគំនិត និងជំរុញការអនុវត្តដោយលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ចាប់តាំងពីការដាក់ឱ្យអនុវត្តដំបូង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ ដែលមានរយៈកាលជិត១៤ឆ្នាំ គិតមកដល់បច្ចុប្បន្ន ដោយគំនិតផ្តួចផ្តើម នេះបានធ្វើឱ្យក្រុង ខណ្ឌទូទាំងប្រទេសមានការប្រែមុខមាត់យ៉ាងច្រើនទាំងក្នុងកម្រិតថ្នាក់ជាតិ និងតំបន់៕