បាងកក៖ តំបន់ពាណិជ្ជកម្មដ៏ល្បីល្បាញ «ផ្សារប្រាទូណាម» (Pratunam) និងផ្សារទំនើប Platinum ដែលធ្លាប់ជាគោលដៅទិញទំនិញបោះដុំដ៏ចម្បងសម្រាប់ភ្ញៀវទេសចរអន្តរជាតិ រួមទាំងអាជីវករកម្ពុជាផងនោះ កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន។ បច្ចុប្បន្ន ហាងលក់ដូរប្រហែល ៦០% បានសម្រេចចិត្តបិទអាជីវកម្មជាបន្តបន្ទាប់ ខណៈអាជីវករដែលនៅសេសសល់បានចេញមកតវ៉ាស្នើសុំបញ្ចុះតម្លៃជួលតូប ដែលមានតម្លៃខ្ពស់ហួសហេតុចន្លោះពី ១៥ម៉ឺន ដល់ ២២ម៉ឺនបាតក្នុងមួយខែ(ប្រហែល៤០០០ដូល្លារទៅ៦០០០ដូល្លារ។
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ វិបត្តិដែលឈានដល់ការសម្រេចចិត្តបិទហាងទ្រង់ទ្រាយធំនេះ បណ្ដាលមកពីកត្តារួមផ្សំជាច្រើន រួមមានការធ្លាក់ចុះនៃកម្លាំងទិញក្នុងស្រុក ការបាត់បង់ភ្ញៀវទេសចរគោលដៅ និងជាពិសេសគឺការវាយលុកយ៉ាងខ្លាំងពីវិស័យពាណិជ្ជកម្មអនឡាញ។ ការរីកចម្រើននៃបច្ចេកវិទ្យា បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ជាទិញទំនិញផ្ទាល់ពីរោងចក្រនៅប្រទេសចិនក្នុងតម្លៃថោកជាង ដែលជាហេតុធ្វើឱ្យតម្រូវការទិញទំនិញផ្ទាល់នៅតាមតូបធ្លាក់ចុះយ៉ាងគំហុក។
តាមប្រភពដដដែល បានចោទជាសំណួរចំៗថា តើម៉ូដែលអាជីវកម្មបែបបុរាណដែលពឹងផ្អែកលើការជួលទីតាំងក្នុងតម្លៃថ្លៃៗ អាចនឹងបន្តរស់រានមានជីវិតបានទៀតដែរឬយ៉ាងណា នៅក្នុងយុគសម័យដែលឥរិយាបថរបស់អ្នកប្រើប្រាស់បានផ្លាស់ប្តូរទាំងស្រុងបែបនេះ។
គួរបញ្ជាក់ថា ផ្សារប្រាទូណាម គឺជាមជ្ឈមណ្ឌលចែកចាយសម្លៀកបំពាក់ដ៏ធំបំផុតមួយនៅទីក្រុងបាងកក ដែលកន្លងមកធ្លាប់ជាប្រភពផ្គត់ផ្គង់ទំនិញដ៏សំខាន់សម្រាប់អាជីវករកម្ពុជាយកមកចែកចាយបន្តក្នុងស្រុក ប៉ុន្តែបានបាត់បង់អតិថិជនជាគំហុករហូតដល់ប្រឈមនឹងការបិទទ្វារ។