681 ezgif.com resize
Swift cc time

ហ្វីលីពីនអំពាវនាវឱ្យអាស៊ានពង្រឹងសាមគ្គីភាព និងភាពធន់ ខណៈបញ្ហាសាកលកំពុងច្របូកច្របល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្វីលីពីន៖ ក្នុងឱកាសបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី៣១ លោកស្រី Ma. Theresa Lazaro ប្រធានអង្គប្រជុំ និងជាតំណាងម្ចាស់ផ្ទះហ្វីលីពីន បានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកអាស៊ានបង្កើនសាមគ្គីភាព និងភាពធន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ សន្តិសុខសាយប័រ និងឥទ្ធិពលនៃវិបត្តិនៅមជ្ឈិមបូព៌ា ដែលកំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងថាមពលសកល។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន លោកស្រី Lazaro បានគូសបញ្ជាក់ថា៖ «យើងកំពុងបន្តប្រឈមមុខនឹងផលប៉ះពាល់កាន់តែស៊ីជម្រៅពីស្ថានការណ៍នៅមជ្ឈិមបូព៌ា ដែលប៉ះពាល់ដោយផ្ទាល់ដល់វិស័យថាមពល ស្បៀងអាហារ និងសុវត្ថិភាពរបស់ប្រជាជននៅក្នុងតំបន់»។ ជាមួយគ្នានេះ ប្រមុខកិច្ចការបរទេសរូបនេះក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាពហុភាគីនិយម និងការតភ្ជាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត ក្រោមសសរស្តម្ភសហគមន៍នយោបាយ-សន្តិសុខអាស៊ាន។

ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ហ្វីលីពីនបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការជំរុញគំនិតផ្តួចផ្តើមសំខាន់ៗ ជាពិសេសកិច្ចសហប្រតិបត្តិការដែនសមុទ្រ រួមទាំងការស្នើបង្កើតមជ្ឈមណ្ឌលដែនសមុទ្រអាស៊ាន ដើម្បីធានាបាននូវស្ថិរភាព និងវិបុលភាពយូរអង្វែងនៅក្នុងតំបន់។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ក្នុងគោលបំណងជំរុញសន្តិភាព និងស្ថិរភាពតំបន់ ចំពោះមុខបញ្ហាប្រឈមសកលដែលកំពុងវិវត្តឥតឈប់ឈរ៕

Khcct banner

អត្ថបទទាក់ទង